ភ្នំពេញ៖ ព្រឹត្តិការណ៍ “កីឡាជាតិ”ឬ National gamesលើកដំបូងនេះគឺជាដំណើរ វិវត្តន៍ថ្មីមួយទៀតសម្រាប់កម្ពុជាក្នុងការ អភិវឌ្ឍវិស័យកីឡាដើម្បីត្រៀមខ្លួនជាស្រេចក្នុងការរៀបចំព្រឹត្តិការកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅក្នុងកិច្ចសម្ភាសន៍កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅស្នាក់ការ NOCC ។
លោក ចំរើន បានអះអាងថា នេះជា លើកទី១ ហើយសម្រាប់កម្ពុជាដែលបានបង្កើតឲ្យមានព្រឹត្តិការណ៍ប្រកួតកីឡាជាតិនេះឡើងដើម្បីអបអរសាទរនិងជ្រើសយកព្រឹត្តិការណ៍នេះជាបុណ្យកីឡា ហើយក៏ជាការត្រៀមខ្លួនដើម្បីទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។ លោកបានបញ្ជាក់ថា នៅក្នុងពិធីបើកនិងបិទព្រឹត្តិការណ៍កីឡាជាតិ “National games” លើកទី១ ឆ្នាំ២០១៦នេះនឹងប្រព្រឹតទៅចាប់ពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៦ រហូតដល់ថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០១៦ ដោយ មានកីឡាចំនួន១៤ប្រភេទវិញ្ញាសា ។ និងមានទស្សនីយភាពទៅតាមលំអាននៃព្រឹត្តិការណ៍ស៊ីហ្គេមនិងកីឡាអូឡាំពិកហ្គេមទាំងស្រុង ក្នុងនោះមានផ្នែកសំខាន់ៗជាច្រើននឹងចូលរួមការសម្តែងទស្សនីយភាពការ បាញ់កាំជ្រួច និងការហែក្បួនកីឡាដុតភ្លើង គប់និមិត្តរូបកីឡាការរត់យកភ្លើងគប់ដោយមានមនុស្សឈរអមតាមផ្លូវជាដើម ។
ព្រឹត្តិការណ៍លើកដំបូងនេះត្រូវបានគេ រំពឹងថា និងមានមនុស្សចូលរួមប្រមាណពី៦ម៉ឺននាក់ទៅ៧ម៉ឺននាក់គ្រប់ផ្នែកដែលពាក់ព័ន្ធទាំងអស់ដើម្បីជាការបញ្រ្ជាបនូវការផ្សព្វផ្សាយគោលបំណងធំរបស់ថ្នាក់ដឹកនាំកម្ពុជា ឲ្យពលរដ្ឋបានចូលរួមគ្រប់ៗគ្នាឆ្ពោះទៅ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាដ៏ធំនេះ ៕
ដោយ៖ សារីម