កំពង់ចាម៖ អណ្តូងស្នប់ប្រភេទតូចចំនួន១៤ ស្មើនឹងទឹកប្រាក់ចំនួន 3ពាន់ 80ដុល្លារអាមេរិក ដែលជាការជួយឧបត្ថម្ភពីសប្បុរសជនប្រទេសម៉ាឡេស៊ី ត្រូវបានប្រគល់ជូន ប្រជាពលរដ្ឋរស់នៅភូមិព្រៃខ្ជាយ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីបានទឹកស្អាតប្រើប្រាស់ លើកស្ទួយសុខភាព របស់ប្រជាពលរដ្ឋនៅជនបទ ចូលរួមកាត់បន្ថយភាពក្រីក្រ ។
លោក សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា និងជាប្រធានសមាគមគ្រូពេទ្យ អ៊ីស្លាមកម្ពុជា បានអញ្ជើញចុះពិនិត្យ និងប្រគល់អណ្តូងទឹកស្អាតប្រភេទស្នប់ ជូនដល់ប្រជាពលរដ្ឋ ដែលកន្លងមកពួកគាត់មានការពិបាកក្នុងការរកទឹកយកមកប្រើប្រាស់ប្រចាំថ្ងៃ ពិសេសក្នុងរដូវវស្សា ពិបាកស្វែងរកប្រភពទឹកស្អាត ដើម្បីប្រើប្រាស់ និង បំពេញតម្រូវការជីវភាពប្រចាំថ្ងៃ ។ ពិធីប្រគល់អណ្ដូងទឹកស្អាតនេះ បានប្រព្រឹត្ដទៅកាលពីម្សិលមិញ ខែសីហានេះ ។
លោកសុះ មុះសិន បានបញ្ជាក់ថា៖ ជានិច្ចកាលសមាគម តែងតែគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិ សម្រាប់ការផ្គត់ផ្គង់ទឹកនៅតាមជនបទ និងបញ្ហាប្រភពទឹកស្អាតជាដើម។ តាមរបាយការណ៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា៖ ប្រជាពលរដ្ឋកម្ពុជា ពិសេសនៅជនបទដាច់ស្រយាល តម្រូវការទឹកស្អាតនៅមានច្រើន ដូចនេះ ទាមទារ គ្រប់ផ្នែក ទាំងរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងឯកជន ត្រូវផ្តល់ការផ្គត់ផ្គង់ទឹកស្អាត ទាំងបច្ចេកទេសថែរក្សាប្រភពទឹក និងគុណភាពទឹកស្អាតជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។
ដោយឡែកនៅភូមិខាងលើនេះ ជាភូមិឋិតនៅលើខ្ពស់រាប ហើយប្រជាពលរដ្ឋមានការលំបាកក្នុងការស្វែងរកទឹកស្អាតយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនៅរដូវ ប្រាំង។ ដោយមានការលំបាកដូច្នេះ ប្រជាពលរដ្ឋបានសំណូមពរឲ្យសមាគម ជួយរកសប្បុរសជន ឬអង្គការនានា ជួយជីកអណ្តូង ដើម្បីឲ្យពួកគាត់មានទឹកស្អាតប្រើប្រាស់ ពីព្រោះទឹកនៅតាមដងអូរ ឬស្ទឹង ឥឡូវនេះមានជាតិពុល ដោយសារកសិករខ្លួនឯង និងក្រុមហ៊ុនមួយចំនួន ប្រើថ្នាំសម្លាប់សត្វល្អិត ហើយពេលមានភ្លៀងធ្លាក់ ក៏ហូរចូលមក ប្រភពទឹក។
ដូច្នេះដើម្បីកុំឲ្យពួកគាត់ពិបាក ក្នុងការស្វែងរកទឹកស្អាតមកប្រើប្រាស់ នៅរដូវប្រាំងម្តងៗដូចកាលឆ្នាំ មុនៗទៀត ទើបលោក បានពាំនាំសំណើរបស់បងប្អូនប្រជាពលរដ្ឋ ជូនសប្បុរសជននៅប្រទេសម៉ាឡេស៊ី និង អូស្ត្រាលី ដើម្បីជួយជីកអណ្តូងស្នប់ទាំងនេះ និងបន្តបន្ទាប់ទៀត។
លោកក៏បានធ្វើការណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានអណ្តូងទឹកប្រភេទស្នប់ ត្រូវចូលរួមជួយថែរក្សាការពារ និងចេះជួសជុលបន្តិចបន្តួច ចំពោះអណ្តូង ស្នប់ទាំងអស់នេះ ដើម្បីធានាក្នុងការប្រើប្រាស់បានយូរអង្វែង ព្រោះនេះជាសម្បត្តិរបស់បងប្អូន ក៏ដូចជាសហគមន៍ដែលនឹងត្រូវចេះចែករំលែកគ្នាក្នុងការប្រើប្រាស់ផងដែរ។ លោកបានបន្ដថា៖ អណ្តូងស្នប់មួយមាន តម្លៃ ២២០ដុល្លារអាមេរិក ជាអំណោយរបស់សប្បុរសជននៅប្រទេសម៉ាឡេស៊ី និង អូស្ត្រាលី ផ្តល់តាមរយៈសមាគម គ្រូពេទ្យអ៊ីស្លាមកម្ពុជា។ សូមបញ្ជាក់ថា អណ្តូងទឹកស្អាតប្រភេទស្នប់ទាំងធំ និងតូចចំនួនជាង៤០០អណ្តូងហើយ ដែលត្រូវបានសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជាជីក និងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់កន្លងមកនៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល ៕
ដោយ៖ សំរិត