តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សម្រេចចោទប្រកាន់ជនបរទេសចំនួន ៧នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ ទម្ងន់សរុបជាង ៤០០ក្រាម និងសារធាតុគីមីផ្សំទម្ងន់សរុបជិត ៥គីឡូក្រាម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថាៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួល និងចាត់ការ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និង ករណី ការសមគំនិត ប្រព្រឹត្តនៅចំណុចភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ។

 

ដើមហេតុនៃការបង្ក្រាបករណីនេះ នៅថ្ងៃកើតហេតុខាងលើ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហ បានចុះស៊ើបអង្កេត ស្រាវជ្រាវលើករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត នៅចំណុចក្រុមទី៦ ភូមិ៣ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយក៏បានប្រទះឃើញមាន វត្ថុតាងសង្ស័យជាសារធាតុញៀន និង សម្ភារពាក់ព័ន្ធគ្រឿងញៀនមួយចំនួន ។ ករណីនេះដោយមានការសម្របសម្រួលនីតិវិធីពី អយ្យការអមសាលាដំបូង ខេត្តព្រះសីហនុ កម្លាំងជំនាញផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបើកប្រតិបត្តិការ បង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យជាជនបរទេសបន្តបន្ទាប់ សរុបចំនួន ៧នាក់ នៅចំណុចគោលដៅផ្សេងៗគ្នា ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួមមាន ១/ឈ្មោះ HOU BAO YA ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន, ២/ឈ្មោះ ZHAO ZI MIAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន, ៣/ឈ្មោះ CHEN XIAO HAI ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន, ៤/ឈ្មោះ GAO MING ហៅ A FU ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន, ៥/ឈ្មោះ CHEN TONG QI ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន, ៦/ឈ្មោះ HE JUN HUI ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន និង ៧/ឈ្មោះ NGUYEN THI CAM GAN ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិវៀតណាម ។

 

ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឆែកឆេររកឃើញមាន វត្ថុតាងចាប់យក ជា សារធាតុញៀន ទម្ងន់សរុប ៤២១,៨១ ក្រាម ក្នុងនោះមានវត្តមានសារធាតុញៀន ចំនួន ៤ប្រភេទ (១/មេតំហ្វេតាមីន ទម្ងន់ ៣៥៧,៦៨ក្រាម, ២/អ៊ុចស្តាស៊ី (MDMA) ទម្ងន់ ២៤,៧៨ក្រាម, ៣/កេតាមីន (K) ទម្ងន់ ២៧,៤៨ក្រាម និង ៤/កញ្ញាមូលបារី ទម្ងន់ ១១,៨៧ក្រាម) និង សារធាតុគីមីផ្សំ ទម្ងន់សរុប ៤.៨៧៣,៧៤ ក្រាម ឬ ជិត ៥គីឡូក្រាម ព្រមទាំងសម្ភារផ្សេងៗទៀត បម្រើឱ្យសកម្មភាព ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មានជា អាទិ៍ ជញ្ជាំងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង, ថង់វេចខ្ចប់គ្រឿងញៀន, បារីអេឡិចត្រូនិច និងដបសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។

...

 

ក្រោយពីតំណាងអយ្យការ បានទទួល និងពិនិត្យលើសំណុំរឿងខាងលើ ព្រមទាំងផ្អែកទៅលើភស្តុតាង ពាក់ព័ន្ធនៅក្នុងសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចបើកការចោទប្រកាន់លើជនសង្ស័យ ចំនួន ៧នាក់ ខាងលើ ពីបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងបទ សមគំនិត តាមបញ្ញត្តិ មាត្រា ៤០ កថាខណ្ឌទី១ ទី៣ ទី៤ ទី៧ ចំណុច ៤, មាត្រា ៤៨ កថាខណ្ឌទី១ ទី៣ ទី៤, មាត្រា ៤៥ នៃច្បាប់ស្តី ពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ បញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត ព្រះសីហនុ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣០៧ អ.យ.ឆ/២៦ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print