ភ្នំពេញ : នៅក្នុងឱកាសសំណេះសំណាលជាមួយប្រជាជនភៀសសឹកពីតំបន់ថ្មដា ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦ ឆ្នាំ ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនបងប្អូននៅ ទីនោះអំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់ សន្ធិសញ្ញា និងកិច្ចព្រមព្រៀង និងដោយប្រើយន្តការដែលមានស្រាប់។
ជាអកុសល ក្រុមជនដែលមានរបៀបវារៈនយោបាយទុច្ចរិតបានយកប្រសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ទៅធ្វើអត្ថាធិប្បាយបំភ្លៃខុសខ្លឹមសារពិត ដោយមូលបង្កាច់ថា កម្ពុជា “សុខចិត្តកាត់ដី ឱ្យ តែថៃឈប់ឈ្លានពាន តែថៃមិនព្រម»។ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូម ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះការបំភ្លៃ និងចេតនាទុច្ចរិតរបស់ក្រុមនេះ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ជូនបន្ថែមថា នៅគ្រប់វេទិកា ជាតិ និងអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី តែងរំលឹកថា ប្រទេសកម្ពុជានិងថៃមានព្រំដែនអន្តរជាតិ កំណត់តាមផែនទីគូសដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀមដែលបង្កើតឡើងតាមអំណាច នៃអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំងនិងសៀម។ លោកឧបឧបនាយករដ្ឋមន្ត្រី ក៏តែងបានបញ្ជាក់អំពីជំហរជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនតាម សន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា កិច្ចព្រមព្រៀងដែលមានស្រាប់។ ក្នុងការវាស់វែង និងផ្ទៀង ផ្ទាត់ខ្សែព្រំដែនលើដីជាក់ស្តែង ប្រសិនបើរកឃើញថាមានការកាន់កាប់ហួសខ្សែព្រំដែន ភាគីកម្ពុជាក៏ដូចជាភាគី ថែត្រូវតែប្រគល់ដីទៅវិញទៅមកទាំងសងខាងដូចគ្នា ដែលនេះគឺជាឆន្ទៈត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ និងស្របតាមមរតកព្រំដែនដែលបន្សល់ទុកពីបារាំង។
តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (Joint Boundary Commission/JBC) ដែលត្រូវបានបង្កើតឡើងដោយអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU-2000) កម្ពុជាបានខិតខំធ្វើការ ជាមួយសមភាគីថៃអស់រយៈពេលជាងពីរទសវត្សរ៍ហើយ ដើម្បីវាស់វែង និងផ្ទៀងផ្ទាត់ខ្សែព្រំដែនឱ្យកាន់តែ ច្បាស់លាស់នៅលើដីជាក់ស្តែង និងប្រកបដោយភាពយុត្តិធម៌ ផ្អែកលើមូលដ្ឋានច្បាប់ដែលភាគីទាំងពីរបាន ឯកភាព សំដៅបង្កើតនូវព្រំដែនសន្តិភាព សហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។ កម្ពុជានៅតែប្តេជ្ញាចិត្ត ចំពោះជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធីដោយផ្អែកលើច្បាប់ តែទន្ទឹមនេះមិនទទួលយកជាដាច់ ខាតនូវការកំណត់ព្រំដែនតាមការប្រើកម្លាំង៕
ដោយ : សិលា












