ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថាវាជារឿងដ៏ខ្លោចផ្សាបំផុត ដែលចំនួនអ្នកស្លាប់តាមដងផ្លូវរាល់ថ្ងៃ មានសន្ទុះខ្ពស់ជាងការបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពានទៅទៀត។ អ្វីដែលកាន់តែឈឺចាប់ គឺជនបង្កភាគច្រើនត្រូវបានគេដឹងថា ជាកូនចៅមន្ត្រីមានបុណ្យស័ក្តិខ្ពង់ខ្ពស់ និងអ្នកជំនួញមានមុខមាត់ក្នុងសង្គម ដែលតែងតែធ្វើឱ្យសាធារណជនមន្ទិលសង្ស័យថា តើទណ្ឌកម្មផ្លូវច្បាប់ត្រូវបានអនុវត្តដោយតម្លាភាពឬគ្រាន់តែជាការធ្វើបង្គ្រប់កិច្ច? មតិមហាជនជជែកគ្នាយ៉ាងព្រោងព្រាតដោយអស់សង្ឃឹមថា «ឱ្យតែស្គាល់គ្នា ឱ្យតែមានខ្នង ឱ្យតែមានលុយ ប្រហែលជាមានសំណាញ់សុវត្ថិភាពការពារហើយមើលទៅ!»។
ករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ និងករណីចុងក្រោយដ៏រន្ធត់នៅខេត្តបាត់ដំបង ដែលជនបង្កត្រូវបានគេស្គាល់ថាជាកូនស្នងការរងខេត្តបន្ទាយមានជ័យ កំពុងក្លាយជាផ្ទាំងស៊ីបនៃការតាមដានយ៉ាងយកចិត្តទុកដាក់ពីសាធារណជន។ សាធារណជនកំពុងអន្ទះសាររង់ចាំមើលថា តើចំណាត់ការផ្លូវច្បាប់នឹងបង្ហាញសខ្មៅឱ្យច្បាស់លាស់បែបណា ឬក៏រឿងរ៉ាវនឹងត្រូវរលាយបាត់ទៅតាមខ្យល់, ជនបង្ករួចខ្លួន ហើយនឹងលេចមុខអ្នកមកទទួលទោសជំនួស?
ប្រសិនបើប្រព័ន្ធយុត្តិធម៌នៅតែបន្តបង្ហាញភាពរអាក់រអួល ហើយជនរងគ្រោះ មិនអាចទទួលបានយុត្តិធម៌ពេញលេញនោះទេ នោះទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរនឹងកាន់តែថមថយ។ នៅពេលនោះ រាល់ការរិះគន់នឹងបាញ់ឆ្ពោះទៅរករាជរដ្ឋាភិបាលទាំងមូល ដោយសារការមើលឃើញថា ស្ថាប័នកំពូលកំពុងឱបក្រសោបមន្ត្រីខូចនិងឈ្មួញទុច្ចរិត។ ផ្នត់គំនិតអវិជ្ជមាននេះ នឹងក្លាយជាគ្រាប់បែកកំណត់ម៉ោង ដែលបង្កើតស្នាមប្រេះឆាក្នុងសង្គមកាន់តែជ្រៅទៅៗ បូករួមជាមួយសម្ពាធសកលនៃវិបត្តិថាមពល និងសង្គ្រាមព្រំដែនផង វានឹងក្លាយជាបន្ទុកដ៏សែនធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលក្នុងការគ្រប់គ្រងស្ថានការណ៍។
ហេតុនេះ វាល្មមដល់ពេលហើយដែលអ្នករាជការដែលមានបណ្ដាសក្តិខ្ពង់ខ្ពស់ និងអ្នកមានទ្រព្យធនស្តុកស្ដម្ភ ដែលតែងតែអះអាងថា «ស្រឡាញ់ជាតិនិងគាំទ្រថ្នាក់ដឹកនាំ» ត្រូវបង្ហាញសកម្មភាពឱ្យដូចនឹងសម្ដី។ រាជរដ្ឋាភិបាលត្រូវតែហ៊ានវះកាត់មន្ត្រីខូចដែលអាងអំណាចបុណ្យស័ក្តិ និងឈ្មួញទុចរិតដែលអាងអំណាចទ្រព្យធន មកជាន់ឈ្លីច្បាប់។ ចូរចងចាំថា សង្គមមួយមិនបែកបាក់ដោយសារការកម្ចាត់មន្ត្រីខូចនិងឈ្មួញទុចរិតនោះទេ ប៉ុន្តែសង្គមនឹងបែកបាក់ ជាតិនឹងរលាយ បើអាជ្ញាធរនៅតែបន្តការពារជនខិលខូច ហើយទុកឱ្យយុត្តិធម៌ក្លាយជាទំនិញសម្រាប់តែអ្នកមានអំណាចនិងមានលុយ៕
ដោយ : សិលា










