ភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំថ្មី ខិតជិតមកដល់ លោក ហ៊ុន ម៉ានី បានចូលរួម ជួបសំណេះសំណាល ចែកអំណោយ និងពិសាអាហារសាមគ្គីរួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹករួមទាំងលេងល្បែងប្រជាប្រិយ ស្មារតីនៅជាមួយជាតិ កងកម្លាំងនិងជនភៀសសឹកគ្រប់វេលាក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ។ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) រួមជាមួយប្រតិភូ មន្ត្រីរាជការ វិស័យឯកជន និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញជួបសំណេះសំណាល ចែកអំណោយ និងពិសាអាហារសាមគ្គីរួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក រួមទាំងការលេង ល្បែងប្រជាប្រិយ ព្រមទាំងទស្សនាការប្រគំតន្រ្តីស្គរដៃ និងការសម្តែងទស្សនីយភាពសិល្បៈនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ។
កម្មវិធីជួបជុំទាំងនេះ បានប្រព្រឹត្តទៅនៅតាមបណ្តាជំរំជាច្រើនសរុប១២ទីតាំង ដើម្បីចូលរួមថែរក្សា និងអភិរក្សប្រពៃណីទំនៀមទម្លាប់ពីដូនតាផង និងដើម្បីជួបសំណេះ សំណាលជាមួយលោកយាយលោកតា អ៊ំពូមីង បងប្អូនជនភៀសសឹកផងក្នុងឱកាសត្រៀមអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខដ៏ខ្លីនេះ៕
ដោយ៖ សំរិត









