សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម

ចែករំលែក៖

ភ្នំពេញ : នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាកាយ៉ាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

 

លោក ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកប្រធានសមាគមជប៉ុន-កម្ពុជា និងសហការីក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានវាយតម្លៃខ្ពស់ចំពោះការងាររបស់សមាគមជប៉ុន-កម្ពុជាដែលបានទាក់ទាញអ្នកវិនិយោគរបស់ជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

 

នៅក្នុងឱកាសនោះលោកប្រធានសមាគមជប៉ុន-កម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ លោកបានសម្ដែងនូវក្ដីរីករាយ និងកោតសរសើរចំពោះភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដោយឯកឧត្តមបានលើកឡើងថា រូបឯកឧត្តម និងសហការី នៅពេលដែលមកដល់ប្រទេសកម្ពុជាម្ដងៗតែងតែឃើញនូវភាពរីកចម្រើនថ្មីៗជាបន្តបន្ទាប់របស់កម្ពុជាឯកឧត្តមមានមោទនភាព ដែលលោកផ្ទាល់ និងសហការីបានចូលរួមចំណែកក្នុងការទាក់ទាញអ្នកវិនិយោគឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

 

នៅក្នុងឱកាសនោះ លោក ប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានលើកឡើងអំពីសក្ដានុពលរបស់កម្ពុជា ពោល គឺសក្ដានុពលនៅក្នុងការវិនិយោគផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ដែលជាចំណុចស្នូលដែល សមាគមជប៉ុន-កម្ពុជា ចាប់អារម្មណ៍ ហើយសមាគមរបស់លោកក៏កំពុងជំរុញការវិនិយោគខ្នាតតូច និងមធ្យមនេះនៅកម្ពុជាឱ្យបានច្រើន។ ទន្ទឹមនឹងនេះលោកប្រធានសមាគមជប៉ុន-កម្ពុជា បានកោតសរសើរចំពោះសក្ដានុពលធនធានធម្មជាតិរបស់កម្ពុជា ដែលឯកឧត្តមបានលើកឡើងថា កម្ពុជាមានលក្ខណៈអំណោយផលទៅលើធនធានធម្មជាតិ ហើយជប៉ុនមានលក្ខណៈពិសេសផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា ដូច្នេះបូកបញ្ចូលគ្នាទៅអាចនាំឱ្យកម្ពុជាបង្កើតបាននូវផលិតផលជាច្រើនទៀតដើម្បីនាំចេញទៅក្រៅប្រទេស។

នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវការរីករាយចំពោះការលើកឡើងរបស់ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា ហើយសម្ដេចក៏បានពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើនរបស់សមាគមដែលបានទាក់ទាញអ្នកវិនិយោគពីប្រទេសជប៉ុនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើន។ សម្ដេចតេជោបានលើកឡើងថា សមាគមជប៉ុន-កម្ពុជា បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយរដ្ឋាភិបាលជប៉ុនក៏បានខិតខំប្រឹងប្រែងជួយផ្ដល់ជំនួយដល់កម្ពុជាបានយ៉ាងច្រើនផងដែរ។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានលើកឡើងអំពីការវិនិយោគទៅលើសហគ្រាសខ្នាតតូច និងមធ្យម ដោយសម្ដេចបង្ហាញនូវការពេញចិត្ត ដោយសម្ដេចបញ្ជាក់ថា តាំងពីសម្ដេចធ្វើជានាយករដ្ឋមន្រ្ដី គឺបានផ្ដោតសំខាន់ចំពោះការវិនិយោគទៅលើសហគ្រាសខ្នាតតូច និងមធ្យមនេះ ដោយសម្ដេចជំរុញឱ្យមានការវិនិយោគផុសផុលបន្ថែមទៀត ពីព្រោះសម្ដេចបានចាត់ទុកសហគ្រាសខ្នាតតូច និងមធ្យមនេះ គឺជាចលករនៃការជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

 

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរដល់ឯកឧត្តមប្រធានសមាគម ជប៉ុន-កម្ពុជា ឱ្យបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print