ក្រសួងមហាផ្ទៃ៖ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំស្តីពី «ការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ”

ចែករំលែក៖

ភ្នំពេញ៖ អគ្គនាយកដ្ឋានធនធានមនុស្ស នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ មានរៀបចំកិច្ចប្រជុំស្តីពី «ការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ» ក្រោមអធិបតីភាព លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

 

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ លោក លោកស្រី អគ្គនាយក ប្រធានអង្គភាពថ្នាក់ប្រហាក់ប្រហែល អភិបាល រាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានធនធានមនុស្ស ដែលបានចូលរួមផ្ទាល់ និង តាមប្រព័ន្ធ Zoom សរុបប្រមាណ៧០០រូប។

 

នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកធនធានមនុស្ស បានធ្វើសេចក្តីរាយការណ៍ និងបញ្ជាក់ថា ដោយអនុវត្តតាមផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ ធនធានមនុស្ស រយៈពេល៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ៤ គឺ៖

 

ទី១- ពង្រឹងវិន័យមន្ត្រីរាជការ ដើម្បីលើកកម្ពស់ឥរិយាបថបំពេញការងារ សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ជំនឿទុកចិត្ត និងកិត្តិយសរបស់មន្ត្រីរាជការ។

 

ទី២- លើកកម្ពស់ប្រសិទ្ធភាពការងារ ឆន្ទៈម្ចាស់ការ និងស្មារតីទទួលខុសត្រូវរបស់មន្ត្រីរាជការ ក្នុងការ រក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការផ្តល់សេវាសាធារណៈ ស្របតាមការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។

 

ទី៣- បង្កើនសមត្ថភាព និងគុណតម្លៃក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការ និងជំរុញឱ្យមានការប្រព្រឹត្ត អំពើល្អក្នុងការបំពេញភារកិច្ច។

 

ទី៤- លើកកម្ពស់កាតព្វកិច្ច និងមនសិការស្នេហាជាតិរបស់មន្ត្រីរាជការ ដើម្បីធានាឱ្យមានភាពស្មោះត្រង់ និងភក្ដីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា។

 

លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ អគ្គនាយក បានលើកឡើងទៀតថា ក្រសួងមហាផ្ទៃបាននិង កំពុងធ្វើកំណែទម្រង់ធនធានមនុស្សស៊ីជម្រៅ ដល់មន្ត្រីរាជការទាំង៣ក្របខ័ណ្ឌ (មន្ត្រីនគរបាលជាតិ មន្ត្រី រាជការស៊ីវិល និងមន្ត្រីពន្ធនាគារ) ទទួលបានលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់ ជាអាទិ៍៖

១- មន្ត្រីរាជការមានវិន័យ និងស្មារតីទទួលខុសត្រូវកាន់តែប្រសើរឡើង។

 

២- ការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការ ត្រូវបានអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ(SOP) តាមតម្រូវការ អង្គភាពសាមីនីមួយៗ និងទទួលបានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវ។

 

៣- ការគ្រប់គ្រងវត្តមាន និងការសុំច្បាប់ឈប់សម្រាក ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។

 

៤- ការអនុវត្តទណ្ឌកម្មខាងវិន័យ ត្រូវបានអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។

 

ទោះបីទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់យ៉ាងណាក្តី លោកនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ក៏បានសង្កេតឃើញថា នៅតែមានមន្ត្រីរាជការមួយចំនួនតូចមិនទាន់បានគោរពវិន័យបានម៉ឺងម៉ាត់ ដូចជា អវត្តមាន អាកប្បកិរិយាមិនសមរម្យក្នុងម៉ោងការងារនិងតាមបណ្តាញទំនាក់ទំនងសង្គម ការស្លៀកពាក់ ឯកសណ្ឋានមិនត្រឹមត្រូវ ជាដើម។

 

ថ្លែងក្នុងកិច្ចប្រជុំនោះ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវសេចក្តីរីករាយ និងការកោតសរសើរចំពោះ អគ្គនាយកដ្ឋានធនធានមនុស្ស និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានសហការ ខិតខំប្រឹងប្រែងក្នុងការពង្រឹងវិន័យ និងគ្រប់គ្រងធនធានមនុស្សទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងលទ្ធផល់នេះ លោកអភិសន្តិបណ្ឌិត និង លោកសន្តិបណ្ឌិត បានឯកភាពគាំទ្រ និងបន្តជំរុញ ការងារកំណែទម្រង់ធនធានមនុស្សក្រសួងមហាផ្ទៃ ឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីឆ្លើយតបទៅនឹង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក«មនុស្ស» ជាអាទិភាពគន្លឹះទី១ ដែលមន្ត្រីរាជការជាតួអង្គស្នូលដ៏សំខាន់ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

 

លោកសន្តិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត បានផ្តល់ អនុសាសន៍ណែនាំផ្តាំផ្ញើសំខាន់ៗដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត ដើម្បីបន្តពង្រឹងវិន័យ និងលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការ ដូចខាងក្រោម៖

 

១- បន្តយកចិត្តទុកដាក់ពង្រឹងវិន័យដល់មន្ត្រីរាជការក្រោមឱវាទបន្ថែមទៀត។

 

២- បន្តគ្រប់គ្រងវត្តមានមន្ត្រីរាជការមកបំពេញការងារប្រចាំថ្ងៃឱ្យបានម៉ឺងម៉ាត់ តាមប្រព័ន្ធកម្មវិធី វត្តមាន ក្រសួងមហាផ្ទៃ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។

 

៣- ពង្រឹងការអនុវត្តទណ្ឌកម្មខាងវិន័យដោយអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ផ្អែកលើអង្គហេតុដែលមន្ត្រីរាជការបានប្រព្រឹត្តល្មើសវិន័យ និងអំពើឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។

 

៤- លើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

 

៥- ពង្រឹងការត្រួតពិនិត្យការស្លៀកពាក់ឯកសណ្ឋានក្នុងម៉ោងបំពេញការងារឱ្យបានត្រឹមត្រូវ។

...

 

ជាកិច្ចបញ្ចប់ក្នុងកិច្ចប្រជុំនោះ លោកសន្តិបណ្ឌិត តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត បានលើកទឹកចិត្តនិងជំរុញឱ្យអគ្គនាយកដ្ឋានធនធានមនុស្ស បន្តសហការល្អជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួង មហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត ខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវ មានឆន្ទៈមនសិការខ្ពស់ក្នុងការសហការ ដឹកនាំ ដើម្បីអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត តាមតួនាទីភារកិច្ចរៀងៗខ្លួន និងផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សរបស់ក្រសួង មហាផ្ទៃ ឱ្យសម្រេចបានជោគជ័យ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print