អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្តធ្វើបច្ចុប្បន្នភាព អំពីព្រឹត្តិការណ៍ថ្មីៗពីរាជរដ្ឋាភិបាល ដោយផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាជន

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបន្តធ្វើបច្ចុប្បន្នភាព អំពីព្រឹត្តិការណ៍ថ្មីៗពីរាជរដ្ឋាភិបាល ដោយផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាជន៖

 

ទី១៖ កម្ពុជានៅតែរក្សាបាននូវលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៖

 

លោកជំទាវ Rabab Fatima អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច បានបញ្ជាក់ឱ្យដឹងថា តាមរយៈការវាយតម្លៃចំនួនពីរលើកកន្លងមក កម្ពុជាបានសម្រេចតាមលក្ខណៈវិនិច្ឆ័យរួចរាល់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩។ អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ដោយបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីគាំទ្រដល់ដំណើរការចាកចេញនេះ។ ការអះអាងរបស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបែបនេះ បានធ្វើឡើងខណៈដែលលោកជំទាវបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

 

សម្ដេចធិបតី បានស្វាគមន៍ចំពោះការបង្កើតក្រុមការងារចំពោះកិច្ចរបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដំណើរការចាកចេញពីក្រុមប្រទេស LDC របស់កម្ពុជា ហើយរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាក់ស្ដែងដើម្បីកសាងភាពធន់របស់កម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតលើការអភិវឌ្ឍមូលធនមនុស្ស និងការដាក់ចេញការកែទម្រង់វិស័យអប់រំ សុខាភិបាល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុស្របតាមការវិវត្តនៃបច្ចេកវិទ្យារបស់ពិភពលោក និងការជំរុញភាពជាដៃគូជាមួយវិស័យឯកជនជាដើម។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសហប្រជាជាតិក្នុងក្របខ័ណ្ឌសន្តិភាព និងក្របខ័ណ្ឌដទៃទៀត។

 

គួរកត់សម្គាល់ថា សន្តិភាពដែលរកបានដោយលំបាកតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយ និងគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលបានផ្តល់ឱកាសឱ្យកម្ពុជាបានស្គាល់ការអភិវឌ្ឍន៍យ៉ាងលឿនរហ័សលើគ្រប់វិស័យ និងពង្រឹងខ្លួនកាន់តែរឹងមាំប្រកបដោយភាពធន់ រហូតទទួលបានការវាយតម្លៃពីអង្គការសហប្រជាជាតិថា កម្ពុជានៅតែអាចរក្សាបានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ ២០២៩ ខាងមុខ។ នេះក៏ជាហេតុផលដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ប្រកាន់គោលជំហរសន្តិភាពនិយម និងចង់បានដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃ តាមរយៈការប្រើប្រាស់យន្តការការទូតស្របតាមច្បាប់អន្តរជាតិជំនួសការប្រឈមមុខដាក់គ្នាខាងយោធា ដើម្បីធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងនិរន្តរភាពនៃការអភិវឌ្ឍន៍ប្រទេស។

 

ទី២៖ ក្រៅពីជួបសំណេះសំណាល អមដោយកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាមួយបងប្អូនជនភៀសសឹក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក៏បានដឹកនាំក្រុមការងារជួបសំណេះសំណាលនិងចែកអំណោយដល់វីរកងទ័ពដែលកំពុងឈរជើងការពារព្រំដែននៅជួរមុខផងដែរ។ កម្មវិធីនេះធ្វើឡើងក្នុងស្មារតី សមរភូមិក្រោយ និងសមរភូមិមុខរួមសុខទុក្ខជាមួយគ្នា ដើម្បីការពារបូរណភាពទឹកដី និងប្រជាជន។

 

ខុសពីការបកស្រាយដែលមានចរិតញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួននៅក្រៅប្រទេស ដើម្បីបំបែកបំបាក់សាមគ្គីនៃមហាគ្រួសារខ្មែរ កម្មវិធីជួបសំណេះសំណាល និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីជាមួយពលរដ្ឋភៀសសឹក និងវីរយុទ្ធជនជួរមុខ បានបង្ហាញពីមនោសញ្ចេតនាផ្សារភ្ជាប់គ្នាមិនអាចកាត់ផ្តាច់គ្នាបានរវាងសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងនាមមហាគ្រួសារខ្មែរតែមួយ ដែលមិនបោះបង់ចោលគ្នា និងតែងផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់គ្នា ជាពិសេសក្នុងគ្រាមានទុក្ខលំបាក។

 

សម្តេចធិបតី នាយករដ្ឋមន្ត្រីធ្លាប់បានមានប្រសាសន៍បញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះត្រូវប្រារព្ធធ្វើឡើងក្នុងអត្ថន័យលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណីជាតិ ដោយផ្សារភ្ជាប់ជាមួយការរម្លឹកគុណវីរយុទ្ធជួរមុខ និងការចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានា។ អាចនិយាយបានថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះ មិនត្រឹមតែបង្ហាញពីតម្លៃវប្បធម៌ និងប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែ ក៏បង្ហាញពីវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខ ក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាការចែករំលែកក្តីស្រឡាញ់ និងការរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក។

...

 

ទី៣៖ ទោះក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ ក៏រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា មិនភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ដែលជាអាទិភាពខ្ពស់បំផុតរបស់ខ្លួនឡើយ។ ការងារការទូតសកម្មនៅតែដំណើរការឥតឈប់ឈរនៅគ្រប់ស្ថាប័នកំពូលរបស់ជាតិ ទាំងក្នុងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជាក្រសួង ស្ថាប័ន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ចទៅវិញទៅមកជាមួយដៃគូអន្តរជាតិ របៀបវារៈស្តីពីបញ្ហាព្រំដែន និងផលប៉ះពាល់លើជនភៀសសឹក និងជំហរចង់បានដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ តែងតែត្រូវបានលើកឡើងដោយបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនដោយការប្រើកម្លាំងឡើយ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print