«ផ្លូវមិត្តភាពកម្ពុជា-ចិន» ផ្លូវយុទ្ធសាស្រ្តថ្មី លើកស្ទួយជីវភាពប្រជាជនឃុំដូង

ចែករំលែក៖

ខេត្តតាកែវ ៖ ផ្លូវបេតុងមួយខ្សែមានបណ្តោយប្រវែង ៦០៥ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅភូមិតានន និងភូមិស្វាយខម ស្ថិតក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោកស្រី វ៉ង យ៉ាហួយ ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា។

ពិធីនេះមានការចូលរួមពីមន្ត្រីមូលដ្ឋាន តំណាងសង្គមស៊ីវិលកម្ពុជា-ចិន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ ២០០ នាក់ ដែលបានអញ្ជើញចូលរួមជាសាក្សីក្នុងសមិទ្ធផលដ៏មានន័យនេះ។

តំណាងប្រជាពលរដ្ឋ លោក ណុប ទូច មេឃុំដូង បានបញ្ជាក់ថា ចាប់តាំងពីផ្លូវបេតុងនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការមក ប្រជាពលរដ្ឋក្នុងឃុំដូងទទួលបានការផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ដោយការធ្វើដំណើរមានភាពងាយស្រួល សុវត្ថិភាព និងរហ័សជាងមុន។ លោកបានបន្ថែមថា ផ្លូវនេះត្រូវបានសាងសង់តាមស្តង់ដារបច្ចេកទេស ដោយមានការតាមដាន និងវាយតម្លៃជាបន្តបន្ទាប់ពីរដ្ឋបាលឃុំ។

លោកបានបន្តថា ផ្លូវនេះមានតួនាទីសំខាន់ក្នុងការគាំទ្រវិស័យកសិកម្ម ដោយជួយឱ្យកសិករអាចដឹកជញ្ជូនផលិតផលទៅទីផ្សារបានទាន់ពេលវេលា កាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណូល។ ជាមួយគ្នានេះផងដែរ ផ្លូវនេះក៏បានជួយសម្រួលដល់ការចូលដំណើរការសេវាសុខាភិបាល និងការអប់រំរបស់ប្រជាពលរដ្ឋនិងកូនចៅក្នុងមូលដ្ឋានផងដែរ។ លោកក៏បានបញ្ជាក់ថា ផ្លូវនេះជាជំនួយដ៏មានតម្លៃពីមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ហើយត្រូវបានប្រជាពលរដ្ឋស្នើសុំប្រសិទ្ធនាមថា «ផ្លូវមិត្តភាពកម្ពុជា-ចិន»។

ក្នុងឱកាសនោះ លោកស្រី វ៉ង យ៉ាហួយ បានលើកឡើងថា គម្រោងនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងសង្គមស៊ីវិលនៃប្រទេសចិន និងកម្ពុជា ដែលមានគោលបំណងលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។ លោកស្រីបានបញ្ជាក់ថា គម្រោងនេះជាគំរូនៃកិច្ចសហការដែលមានប្រសិទ្ធភាព និងអាចពង្រីកទៅតំបន់ផ្សេងៗទៀតនាពេលអនាគត។

ថ្លែងក្នុងពិធីនេះ លោក កឹមរ័ត្ន វិសិដ្ឋ បានរំលឹកថា ចាប់តាំងពីឆ្នាំ២០១៨ មក ឃុំដូងទទួលបានគម្រោងអភិវឌ្ឍជាច្រើនពីមិត្តចិន តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល រួមមានការសាងសង់ផ្លូវ ការដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ស្ពានតូចៗ ការដាំដើមឈើបៃតង ការសាងសង់អគារសិក្សា ការផ្គត់ផ្គង់សម្ភារៈសិក្សា និងគម្រោងគាំទ្រសុខភាពសហគមន៍។

ជាពិសេស លោកបានគូសបញ្ជាក់ថា ភូមិតាននត្រូវបានអភិវឌ្ឍទៅជាគំរូ «ភូមិមិត្តភាពកម្ពុជា-ចិន កាត់បន្ថយភាពក្រីក្រ» ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អគុណភាពជីវិតប្រជាពលរដ្ឋ។

លោកបានបន្ថែមថា ផ្លូវបេតុងនេះមិនត្រឹមតែជាផ្លូវធម្មតា ប៉ុន្តែជាផ្លូវយុទ្ធសាស្រ្តសំខាន់ ដែលភ្ជាប់ពីភូមិស្វាយខមទៅភូមិតានន និងបន្តតភ្ជាប់រវាងស្រុកបាទី ខេត្តតាកែវ និងស្រុកស្អាង ខេត្តកណ្តាល ដែលជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សា និងប្រើប្រាស់ផ្លូវនេះដោយការទទួលខុសត្រូវ ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង និងរក្សាទុកជាសម្បត្តិសាធារណៈសម្រាប់ជំនាន់ក្រោយ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print