បុរសម្នាក់ទិញថ្នាំញៀនពីផ្សារអូរឫស្សីបម្រុងយកទៅចែកចាយបន្ត ត្រូវសមត្ថកិច្ចស្រុកមុខកំពូលឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល÷កម្លាំងនគរបាលស្រុកមុខកំពូល បានឃាត់ខ្លួនបុរសសង្ស័យម្នាក់ និងរឹបអូសបានថ្នាំញៀនចំនួន ៦កញ្ចប់ ខណៈជនសង្ស័យរូបនេះទើបតែទិញពីផ្សារអូរឫស្សី រាជធានីភ្នំពេញ បម្រុងយកទៅប្រើប្រាស់ និងចែកចាយបន្ត។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី៧ មេសា ២០២៦ នៅចំណុចផ្លូវជាតិលេខ៦ ភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ពិល ពោន ភេទប្រុស អាយុ៣៥ឆ្នាំមានទីលំនៅសព្វថ្ងៃក្នុងភូមិវាលល្ពាក់ឃុំសិលាសៃ ស្រុក ប្រាសាទបល័ង្គ ខេត្តកំពង់ធំ និងតេស្តរកឃើញមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានត្រួតពិនិត្យឆែកឆេរ និងដកហូតវត្ថុតាងរួមមាន ថ្នាំញៀន ៦កញ្ចប់ (មធ្យម១ តូច៥) ទម្ងន់ ៥,៣៨ក្រាម ទូរស័ព្ទដៃម៉ាកវីវ៉ូពណ៌ទឹកប៊ិច ១គ្រឿង និងម៉ូតូម៉ាកស្មាស់ពណ៌ខ្មៅ គ្មានផ្លាកលេខ ១គ្រឿង។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដំបងសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកមុខកំពូលចុះល្បាត ក្នុងភូមិសាស្ត្រងាយរងគ្រោះ ក៏ប្រទះឃើញជនសង្ស័យមាន ភិនភាគគួរឲ្យសង្ស័យ ទើបឃាត់សួរនាំ និងឆែកឆេររកឃើញវត្ថុតាងតែម្ដង។ នៅចំពោះមុខសមត្ថកិច្ច ជន សង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនទាំង ៦កញ្ចប់នេះពីជនមិនស្គាល់អត្តសញ្ញាណនៅចំណុចផ្សារអូរឫស្សី ក្នុងតម្លៃ ១៥០០០០រៀល ដើម្បីយកមកទុកប្រើប្រាស់ និងចែកចាយបន្តពិតប្រាកដមែន។ 

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print