នាយរងសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍនៈត្រូវរថយន្តក្រុមហ៊ុនដីព្រៃសប្បទាន(ស៊ីនបាយអូតិច)បុកស្លាប់

ចែករំលែក៖

ខេត្តក្រចេះ៖ លោក ថ្លាង គឹមឡុង ដែលគេស្គាល់ថា ជានាយរងសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍនៈ ត្រូវរថយន្តរបស់ក្រុមហ៊ុនដីព្រៃសប្បទានរបស់កូរ៉េ (ស៊ីនបាយអូតិច) កិនស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះជាមន្រ្តីរដ្ឋបាលព្រៃឈើរូបនេះ បានជិះម៉ូតូចុះទៅវាស់វែងដីឱ្យក្រុមហ៊ុនមួយនេះ ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ។

IMG-20150806-WA0031

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៥ ខែសីហា នៅលើផ្លូវក្រាលគ្រួសក្រហម ចូលក្នុងក្រុមហ៊ុនដីព្រៃសប្បទានរបស់កូរ៉េ (ស៊ីនបាយអូតិច) ស្ថិតក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកកសំបូរ ខេត្តក្រចេះ ។

មន្ត្រីរដ្ឋបាលព្រៃឈើវឌ្ឍនៈបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុម្សិលមិញនេះ លោក ថ្លាង គឹមឡុង នាយរងសង្គាត់រដ្ឋបាលព្រៃឈើវឌ្បនៈ អាយុ ៥២ឆ្នាំ មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម ។ ត្រូវបានគេឌុបតាមម៉ូតូ ចុះទៅវាស់វែងដីធ្លីជូនក្រុមហ៊ុនកូរ៉េ (ស៊ីនបាយអូតិច) លុះដល់ ចំណុចកើតហេតុ ស្រាប់តែរថយន្តរបស់ក្រុមហ៊ុន ម៉ាក់ហ៊ីយ៉ាន់ដាយ ចំណុះ ១៥តោន បានបើកកៀរបណ្តាលឲ្យជនរងគ្រោះធ្លាក់ពីលើម៉ូតូ ហើយកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។ ដោយឡែកអ្នកបើកម៉ូតូឌុបជនរងគ្រោះ ឈ្មោះ ឈឹម វាចា អាយុ ២៥ឆ្នាំ បានរងរបួសធ្ងន់ ។

នគរបាលស្រុកសំបូរបានឱ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅពិនិត្យ និង វាស់វែងហើយរថយន្តនិងម៉ូតូ ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន ចំណែកបើកបររថយន្តបង្ក ឈ្មោះ អ៊ី សុភ័ក្រ អាយុ ៣៦ឆ្នាំ មានស្រុកកំណើតក្នុងខេត្តព្រៃវែង បានរត់គេចខ្លួនបាត់ស្រមោល ។

សេចក្តីរាយការណ៍បានឱ្យដឹងថា ក្រុមហ៊ុនដីព្រៃសប្បទាន របស់កូរ៉េ (ស៊ីនបាយអូតិច) គឺជាក្រុមហ៊ុនមួយ ដែលទទួលបានសិទ្ឋដីសម្បទានសេដ្ឋកិច្ច ដែលមានទំហំជាង៣ម៉ឺនហិចតា នៅក្នុងស្រុកសំបូរខេត្តក្រចេះ វិនិយោគលើវិស័យដំណាំ កៅស៊ូ និងដាំដើមអាកាស្យា ។

ពលរដ្ឋនៅតំបន់នោះបានអះអាងថា សព្វថ្ងៃនេះ ក្រុមហ៊ុនកូរ៉េមួយនេះ បាននិងកំពុងដើរបោះបង្គោលដីកំណត់ព្រំដោយមិនបានសហការណ៍ជាមួយពលរដ្ឋដែលមានដីស្រែចំការនៅតំបន់នោះ ហើយបានបានធ្វើឱ្យប៉ះពាល់ ដីស្រែចំការ ដីថ្នូរដូនតា របស់ពួកគាត់ ប្រមាណជាង៤រយគ្រួសារ ។

ពលរដ្ឋបានបន្តថា កន្លងទៅនៅថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៥នេះ មានពលរដ្ឋជាង៤រយគ្រួសារ បាននាំគ្នាតវ៉ា ជាមួយក្រុមហ៊ុនកូរ៉េមួយនេះ នៅក្នុងវត្តអាជេន ក្នុងឃុំកំពង់ចាម ស្រុកសំបូរ ក្រោយពីក្រុមហ៊ុនបានបោះបង្គោលកំណត់ព្រំដី រំលោបយកដីស្រែចំការ និងដីផ្នូរដូនតា របស់ពួកគាត់ ដើម្បីរកដំណោះស្រាយ ។ ក្រៅពីក្រុមហ៊ុនបាននិងកំពង់រំលោភដីពលរដ្ឋហើយនោះ ក្រុមកូរ៉េមួយនេះ គឺកំពុងធ្វើសកម្មភាព កាប់បំផ្លាញព្រៃឈើគ្រប់ប្រភេទនៅតំបន់នោះ ហើយមានឈើមួយចំនួនធំត្រូវបានក្រុមហ៊ុន កាប់អាជ្រៀកចេញពីតំបន់នានា រួចដឹកជញ្ជូន យកមកដាក់នៅក្នុងដីក្រុមហ៊ុន ដើម្បីយកឈើខុសច្បាប់ធ្វើឲ្យក្លាយជាឈើស្របច្បាប់ ដើម្បីនាំចេញដោយមិនបាច់បង់ពន្ធ ឬបង់ពន្ធជូនរដ្ឋក្នុងតម្លៃទាប ។

រួចដឹកជញ្ជូនចេញយកទៅចែកចាយតាមបណ្តាលខេត្តមួយចំនួន និងមួយចំនួនទៀតដឹកយកទៅលក់នៅប្រទេសវៀតណាម ដោយជ្រកក្រោមស្លាកក្រុមហ៊ុនក្រុមហ៊ុនដីព្រៃសប្បទានរបស់កូរ៉េ (ស៊ីនបាយអូតិច) ៕

ដោយ៖ កោះទ្រុង

IMG-20150806-WA0027

...

IMG-20150806-WA0029

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print