សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃពុធ ទី៨ ខែមេសាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កងកម្លាំងយោធាអាមេរិកនឹងបន្តដាក់ពង្រាយនៅក្បែរប្រទេសអ៉ីរ៉ង់ រហូតទាល់តែកិច្ចព្រមព្រៀងពិតប្រាកដមួយត្រូវសម្រេចបាន បន្ទាប់ពីភាគីទាំងពីរបានឯកភាពគ្នាឈប់បាញ់ សម្រាប់រយៈពេល២សប្តាហ៍។
លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «នាវា យន្តហោះនិងកងទ័ពអាមេរិកទាំងអស់ ព្រមទាំងគ្រាប់រំសេវ សព្វាវុធ និងអ្វីៗផ្សេងទៀតដែលសមស្របនិងចាំបាច់ ដើម្បីកម្ទេចសត្រូវដែលត្រូវបានបំបាក់សមត្ថភាពយ៉ាងខ្លាំងរួចទៅហើយនោះ គឺនឹងដាក់ពង្រាយដដែលនៅជុំវិញប្រទេសអ៉ីរ៉ង់ រហូតទាល់តែនៅពេលកិច្ចព្រមព្រៀងពិតប្រាកដមួយត្រូវសម្រេចបាន និងគោរពពេញលេញ»។ លោកប្រធានាធិបតីអាមេរិកបានគំរាមថា ការវាយប្រហារកាន់តែធំនិងខ្លាំងជាងមុនថែមទៀតនឹងធ្វើឡើងសាជាថ្មី ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀង។
បទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃអង្គារ ហាក់បានបង្ហាញសញ្ញារង្គោះរង្គើរួចជាស្រេច ដោយអ៉ីស្រាអែល នៅតែបន្តការទម្លាក់គ្រាប់បែកកាន់តែសាហាវលើប្រទេសលីបង់ ទោះផ្អាកការវាយប្រហារលើអ៉ីរ៉ង់ក្តី ហើយទីក្រុងវ៉ាស៉ីនតោនបាននិយាយផ្ទុយពីការអះអាងមួយចំនួនរបស់អ៉ីរ៉ង់ ក្នុងនោះរួមមានបញ្ហានៃសិទ្ធិចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ទីក្រុងតេហេរ៉ង់។ ក្រុមមន្រ្តីអាមេរិកនិងអ៉ីរ៉ង់ គ្រោងបើកកិច្ចចរចានៅប្រទេសប៉ាគីស្ថាន នាថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីព្យាយាមបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍៕ ដោយធីរីណា

រូបថត: VOV









