រញ្ជួយដីនៅឥណ្ឌូនេស៊ីបំផ្លាញផ្ទះជាង ១០០ ខ្នង និងរបួសមនុស្សជាច្រើន

ចែករំលែក៖

នៅថ្ងៃទី ៩ ខែមេសា មន្ត្រីមូលដ្ឋានបានរាយការណ៍ថា ការរញ្ជួយដីរាក់មួយកម្រិត ៤.៩ រ៉ិចទ័របានវាយប្រហារភាគខាងកើតប្រទេសឥណ្ឌូនេស៊ីនៅយប់ថ្ងៃទី ៨ ខែមេសា (ម៉ោងក្នុងស្រុក) ដោយបានបំផ្លាញផ្ទះរាប់រយខ្នង និងរបួសមនុស្សជាច្រើន។

ទីភ្នាក់ងារស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដីនេះបានកើតឡើងមុនម៉ោង ១២ អធ្រាត្របន្តិច មានជម្រៅប្រហែល ១០.៤ គីឡូម៉ែត្រ ដោយចំណុចកណ្តាលរបស់វាស្ថិតនៅចម្ងាយប្រហែល១០៤គីឡូម៉ែត្រភាគខាងកើតទីក្រុង Maumere ក្នុងខេត្ត East Nusa Tenggara។
ភូមិពីរនៅលើកោះតូចមួយឈ្មោះ Adonara បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត។ មន្ត្រីមូលដ្ឋាន Ismail Daton Ban បាននិយាយថា ផ្ទះជាង ១០០ ខ្នងត្រូវបានខូចខាត និងយ៉ាងហោចណាស់មនុស្ស ២០ នាក់បានរងរបួស។
ប្រទេសឥណ្ឌូនេស៊ី និងប្រទេសជិតខាងតែងតែជួបប្រទះនឹងការរញ្ជួយដីដោយសារតែទីតាំងរបស់ពួកគេនៅលើ “Ring of Fire” ប៉ាស៊ីហ្វិក – តំបន់ដែលមានសកម្មភាពរញ្ជួយដីខ្លាំង ដែលលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍រហូតដល់អាងប៉ាស៊ីហ្វិកទាំងមូល។ តាមប្រវត្តិសាស្ត្រ គ្រោះរញ្ជួយដីកម្រិត ៩.១ រ៉ិចទ័របានវាយប្រហារខេត្តអាឆេ ភាគខាងលិចប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០០៤ ដែលបង្កឱ្យមានរលកយក្សស៊ូណាមិ និងសម្លាប់មនុស្សជាង ១៧០.០០០ នាក់។
អ្នកជំនាញនិយាយថា គ្រោះរញ្ជួយដី
រាក់ៗច្រើនតែបង្កការខូចខាតច្រើនជាង ពីព្រោះរលករញ្ជួយដីធ្វើដំណើរចម្ងាយខ្លីជាងនៅក្រោមដី និងរក្សាថាមពលបានច្រើនជាងនៅពេលដែលវាទៅដល់ផ្ទៃផែនដី៕ ដោយធីរីណា

រូបថត​: baotintuc

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print