ជាទូទៅ តែងមានការយល់ច្រឡំមួយដែលកើតឡើងជាញឹកញាប់ ពាក់ព័ន្ធនឹង “ពាហនៈ” ឬសត្វយានរបស់ទេវតាសង្ក្រាន្ត។ មនុស្សមួយចំនួនយល់ថា ពាហនៈទេវតា ត្រូវបានកំណត់តាមឆ្នាំសត្វទាំង១២ ប៉ុន្តែការពិតវិញ មិនមែនដូច្នោះឡើយ។
បើតាមសៀវភៅ «មហាសង្ក្រាន្ត» របស់លោក អុឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យដឹងថា ពាហនៈរបស់ទេវតាសង្ក្រាន្ត មិនត្រូវបានកំណត់តាមសត្វតំណាងឆ្នាំទាំង ១២ នោះឡើយ ប៉ុន្តែត្រូវបានកំណត់ទៅតាម “ថ្ងៃ” ដែលសង្ក្រាន្តចូលទៅតាមឆ្នាំនីមួយៗ។
ជាក់ស្ដែង សម្រាប់ឆ្នាំមមី ឆ្នាំ២០២៦ នេះ ទេវតាដែលយាងចុះមកគ្រងជម្ពូទ្វីប គាប់ជួនជារាជបុត្រីទី៣ នៃកបិលមហាព្រហ្ម ព្រះនាម «រាក្យសាទេវី» ដែលមាន «សេះ» ជាពាហនៈ មិនមែនដោយសារជាឆ្នាំមមី (ឆ្នាំសេះ) នោះទេ។
ប្រភពដដែល ពន្យល់ដែរថា ការកំណត់ទេវធីតាសង្ក្រាន្ត និងពាហនៈ អាស្រ័យលើ “ថ្ងៃ” ដែលសង្ក្រាន្តចូល មានន័យថា បើសង្ក្រាន្តចំថ្ងៃណា នោះជាវេនទេវធីតាអង្គនោះទៅតាមក្បួនបុរាណ មានដូចខាងក្រោម៖
– ថ្ងៃអាទិត្យ រាជបុត្រីច្បង ព្រះនាម ទុង្សាទេវី _ ជិះគ្រុឌ។
– ថ្ងៃច័ន្ទ រាជបុត្រីទី២ ព្រះនាម គោរាគទេវី _ ជិះខ្លា
– ថ្ងៃអង្គារ រាជបុត្រីទី៣ ព្រះនាម រាក្យសាទេវី _ ជិះសេះ
– ថ្ងៃពុធ រាជបុត្រីទី៤ ព្រះនាម មណ្ឌាទេវី _ ជិះលា
– ថ្ងៃព្រហស្បត្តិ៍ រាជបុត្រីទី៥ ព្រះនាម កិរិណីទេវី _ ជិះដំរី
– ថ្ងៃសុក្រ រាជបុត្រីទី៦ ព្រះនាម កិមិរាទេវី _ ជិះក្របី និងថ្ងៃសៅរ៍ រាជបុត្រីទី៧ ព្រះនាម មហោទរាទេវី _ ជិះក្ងោក។
ការយល់ដឹងឱ្យបានត្រឹមត្រូវអំពីប្រពៃណីនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការពង្រឹងការយល់ដឹងរបស់សាធារណជន សំដៅដល់ការរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ជាតិ ជៀសវាងនាំឱ្យបាត់បង់ន័យដើម និងគុណតម្លៃពិតប្រាកដរ។
ដូច្នេះ ចំពោះការយល់ឃើញថា ពាហនៈរបស់ទេវតាសង្ក្រាន្ត ត្រូវតាមសត្វតំណាងឆ្នាំ គួរតែកែតម្រូវការគិតឡើងវិញ ដោយផ្អែកលើប្រភពត្រឹមត្រូវ ដើម្បីធានាថា វប្បធម៌ប្រពៃណីខ្មែរ ត្រូវបានបន្តយ៉ាងត្រឹមត្រូវ និងមានន័យសម្រាប់ជំនាន់ក្រោយ៕




ដោយ៖តារា










