ភ្នំពេញ: អាជ្ញាធរកម្ពុជា បានបណ្ដេញជនជាតិចិនចំនួន ៣២៧នាក់ (ស្រី ១៥នាក់) ចេញពីប្រទេស ក្រោយពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងស្នាក់នៅ ឬធ្វើការងារខុសច្បាប់។
ប្រតិបត្តិការនេះបានអនុវត្តនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦ ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតចិន ប្រចាំនៅកម្ពុជា ដោយបញ្ជូនជនទាំងអស់តាមយន្តហោះពិសេស តាមអាកាសយានដ្ឋានអន្តរជាតិតេជោ។
អាជ្ញាធរបញ្ជាក់ថា វាជាវិធានការតឹងរឹងក្នុងការបង្ក្រាប និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងកើតមានក្នុងប្រទេស។ កិច្ចការនេះក៏មានគោលបំណងការពារសុវត្ថិភាពប្រជាពលរដ្ឋ និងបង្កើនសន្តិសុខសង្គម ខណៈអាជ្ញាធរបន្តស្វែងរក និងចាត់វិធានការលើមេខ្លោងដែលនៅពីក្រោយ។
ជាមួយគ្នានេះ ក៏មានការជួយសង្គ្រោះជនរងគ្រោះមួយចំនួន ដែលត្រូវបានបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ ហើយអនុញ្ញាតឱ្យវិលត្រឡប់ទៅប្រទេសដើមវិញផងដែរ៕
ដោយ៖ ជ្រោយពេជ្រ










