ខេត្តកំពង់ស្ពឺ ៖ យុវជនពីរនាក់ត្រូវបាននគរបាលស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពយកកាំបិតប៉័ងតោតាមកាប់យុវជនរងគ្រោះម្នាក់ដល់បន្ទប់ជួល តែសំណាងល្អជនរងគ្រោះរត់ទាន់ ។ ករណីហិង្សាដោយចេតនានេះបានកើតឡើងកាលពីវេលាម៉ោង០៥ និង៣០នាទីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួល ផ្លូវរទេះភ្លើងស្ថិតនៅក្នុងភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ។
នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ក្រុមជនសង្ស័យដែលនគរបាលឃាត់ខ្លួនចំនួន២នាក់៖ទី១-ឈ្មោះ ញ៉ន សំបូរ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច និងទី២-ឈ្មោះ ឃុត ផា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច កាន់កាំបិតប៉័ងតោ។
នគរបាលស្រុកភ្នំស្រួចបន្តឲ្យដឹងទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ កាលពីវេលាម៉ោង០៥និង២០នាទីថ្ងៃទី១២ ខែមេសា ២០២៦ ឈ្មោះ ញ៉ន សំបូរ ជិះម៉ូតូ០១ គ្រឿងម៉ាកSIRUS ពណ៌ខ្មៅ គ្មានផ្លាកលេខ ឌុបឈ្មោះ ឃុត ផា អ្នកទាំងពីរនាក់រស់ នៅក្នុងភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច បានកាន់ដាវកែច្នៃនិងកាំបិតបុ័ងតោ ក្នុងគោលបំណងកាប់ឈ្មោះ ថាប់ វិបុល ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្លូវរទេះភ្លើង ស្ថិតក្នុងភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ប៉ុន្តែត្រូវបានជនរងគ្រោះរត់ចូលក្នុងបន្ទប់ជួលទាន់ ហើយអ្នកទាំងពីរ
(ជនសង្ស័យ)បានកាប់ទ្វារបន្ទប់បណ្ដាលឲ្យរងការខូចខាតកម្រិតស្រាល ។ ភ្លាមៗនោះយុវជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។
នគរបាលស្រុកភ្នំស្រួចបន្តថា ក្រោយទទួលបានព័ត៌មាននិងពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានឃាត់ជនសង្ស័យទាំងពីរនៅកន្លែងកើតហេតុ។ ក្រោយធ្វើការសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើប្រាកដមែន ។
មូលហេតុដែលពួកគេយកកាំបិតនិងដាវរកកាប់យុវជនរងគ្រោះនោះ បណ្តាលមកពីទាស់ពាក្យសម្ដីជាមួយជនរងគ្រោះ ។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ និងដកហូតកាំបិតបុ័ងតោចំនួន០១ និងម៉ូតូម៉ាកSIRUSមួយគ្រឿងផងដែរ។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ឱ្យដឹងថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យរួមជាមួយនឹងវត្ថុតាងកាំបិត នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ដោយ៖ សុរិយា










