មន្ត្រីយោធាម្នាក់ខឹងគេនិយាយឌឺដងផ្ទុះអាវុធ២គ្រាប់ដាក់អ្នកភូមិម្នាក់ រួចចូលសារភាពនៅសមត្ថកិច្ច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាយោធាម្នាក់ត្រូវកម្លាំងនគរបាលស្រុកបសេដ្ឋធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពយកកាំភ្លើងខ្លីបាញ់លើជនរងគ្រោះបណ្ដាលឲ្យបែកប្រអប់ជើង ព្រោះតែខឹងជនរងគ្រោះនិយាយឌឺដងហើយនិងមាក់ងាយរូបខ្លួនជាមន្ត្រីយោធា។

 

នគរបាលខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា មានករណីហិង្សាដោយចេតនាប្រើប្រាស់អាវុធ(កាំភ្លើងខ្លីកា៥៩) បានកើតឡើងកាលពីវេលាម៉ោង០៣និង៥០នាទីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះម្តាយក្មេកជនរងគ្រោះស្ថិតនៅក្នុងភូមិវាល ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

 

នគរបាលខេត្តកំពង់ស្ពឺបានបន្តថា ជនសង្ស័យដៃដល់ដែលបានឃាត់ខ្លួនឈ្មោះ កង វិឈិន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាមន្ត្រីយោធានៅភូមិវាល ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកជនរងគ្រោះឈ្មោះ អាន រ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិវាល ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺដែរ ។

 

នគរបាលខេត្តកំពង់ស្ពឺបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនសង្ស័យបានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះឈ្មោះ អាន រ៉ាវុធ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នា លុះមួយសន្ទុះក្រោយមកស្រាប់តែជនរងគ្រោះ(អាន រ៉ាវុធ) បានដើរចូលទៅរកជនសង្ស័យឈ្មោះ(កង វិឈិន) ហើយកង វិឈិនក៏បានផ្ទុះអាវុធ(កាំភ្លើងខ្លីម៉ាកកា៥៩) ចំនួន០២គ្រាប់ គ្រាប់ទី១បានបាញ់ឡើងលើ,គ្រាប់ទី០២បាញ់ត្រូវប្រអប់ជើងខាង ឆ្វេងជនរងគ្រោះបណ្តាលឱ្យរងរបួសបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ) នៅឯភ្នំពេញ ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ

(កង វិឈិន) បានចូលមកប្រគល់ខ្លួនជូនសមត្ថកិច្ច រួមនឹងវត្ថុតាងកាំភ្លើងខ្លីម៉ាកកា៥៩មួយដើមនិងគ្រាប់ចំនួន៣គ្រាប់ ។

 

នគរបាលខេត្តកំពង់ស្ពឺបានបន្តឲ្យដឹងទៀតថា លុះមកដល់វេលាម៉ោង០៤និង២០នាទីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ឈ្មោះ កយ វណ្ណាក់ ភេទស្រី អាយុ២៧ឆ្នាំ(ជាប្អូនជនរងគ្រោះ) បានដាក់ពាក្យបណ្តឹងសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយពីទទួលពាក្យបណ្តឹងហើយ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសាលាចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនដៃដល់និងកសាងសំណុំរឿងតាមនីតិវិធី ។

 

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះកង វិឈិន និយាយថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំភ្លើងខ្លីម៉ាកកា៥៩(K59)បាញ់ចំនួន២គ្រាប់បណ្តាលឱ្យ១គ្រាប់ត្រូវជនរងគ្រោះ(អាន រ៉ាវុធ)ប្រាកដមែន និងបានឆ្លើយបន្ថែមថា គ្រាន់តែបាញ់គំរាមទេ ហើយមូលហេតុដែលឈានទៅដល់បាញ់ ដោយសារជនរងគ្រោះឈ្មោះ(អាន រ៉ា

វុធ) និយាយឌឺដងនិងប្រើពាក្យសម្តីមើលងាយលើរូបខ្លួន(កង វិឈិន) ទើបបណ្តាលឱ្យកើតហេតុផ្ទុះអាវុធតែម្ដងទៅ។

 

នគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យដៃដល់ជាយោធា រួមជាមួយនឹងវត្ថុតាងកាំភ្លើងខ្លីមួយដើមមក សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្តតាមផ្លូវច្បាប់ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print