ខេត្តកណ្តាល ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល លោក ហោ ចាន់ពិសី ចេញដីកាបង្គាប់ឱ្យឃុំខ្លួន អតីតស្នងការរង នគរបាលខេត្តកណ្តាល អុល ប៊ណ្ណា ពីបទៈ កំហែងយក នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ តាមមាត្រា២០៥,២០៦,២១៩,២២០,២២១ និងមាត្រា២០៥,២០៦,២១៩,២២០,២២១ និងមាត្រា២២២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
តំណាងអយ្យការបានចេញ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខៈ៦១៣ ដកសស/២៦ ចុះថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០២៦ របស់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល។
ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ឈ្មោះ អុល ប៊ុណ្ណា ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ តួនាទីមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទឹកន្លែងកំណើតភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ទីលំនៅបច្ចុប្បន្នភូមិព្រែកត្បែង សង្កាត់ សិត្យ ក្រុងតាខ្មៅ ខេត្តកណ្តាល ឪពុកឈ្មោះ ហ៊ុយ អ៊ុល (រ) ម្តាយឈ្មោះ ជា សុខអ៊ុន (រ) ប្រពន្ធ័ឈ្មោះ អាត រតនា (រ) មានកូនចំនួន ០២នាក់។
ជនត្រូវចោទត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទៈ កំហែងយក ប្រព្រឹត្តនៅការដ្ឋានសំណង់ ស្ថិតនៅភូមិកំពង់ថុល សង្កាត់ សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីថ្ងៃទី ០៦ ថ្ងៃទី ១១ និងថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៦ បទល្មើសដែលមានចែងឱ្យ ផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៦៣ និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ។
ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាលបង្គាប់
១-ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ អុល ប៊ុណ្ណា ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ទៅប្រធានពន្ធនាគារខេត្តកណ្តាល ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។
២-ឱ្យប្រធានពន្ធនាគារទទួល និងឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្នរហូតដល់មានបទបញ្ជាថ្មីដែលសម្រេច ផ្សេងពីនេះ។
៣-ឱ្យភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ត្រូវសហការអនុវត្តឱ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុង ករណីចាំបាច់ណាមួយ៕
ដោយ ៖ សិលា











