សោកនាដកម្ម ! ចាក់កូនស្រីស្លាប់ ម្តាយរបួសធ្ងន់ រួចឪពុកចុងចាក់ខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីឪពុកចុងយកកាំបិតចុងស្រួចចាក់កូនស្រីម្នាក់ បណ្តាលឱ្យស្លាប់ រីឯស្ត្រីជាម្តាយ បានរងរបួសធ្ងន់ ចំណែកបុរសជាឪពុកចុងរូបនោះក៏បានចាក់ខ្លួន បណ្តាលឱ្យស្លាប់តាមក្រោយ ពេលសមត្ថកិច្ចចុះបង្ក្រាប ។ ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ ផ្អើលកើតឡើងថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ ស្ថិតនៅក្រុម២៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

 

តាមព័ត៌មានបឋមបានឱ្យដឹងបន្តថា មុនពេលកើតហេតុ នារីវ័យក្មេងម្នាក់បានធ្វើដំណើរមកលេងម្ដាយបង្កើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប៉ុន្តែមិនដឹងថាមកពីមូលហេតុអ្វីនោះទេ ត្រូវឪពុកចុងប្រើកាំបិតមុតស្រួចចាក់បណ្តាលឲ្យនាងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

 

ភ្លាមៗនោះម្តាយរបស់នារីរងគ្រោះបានរងរបួស ហើយរត់ចេញមកខាងក្រៅផ្ទះដើម្បីស្រែកឱ្យញាតិជិតខាងជួយទាំងទឹកមុខភ័យស្លេកស្លាំង និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ខណៈជនបង្កជាឪពុកចុងបានព្យាយាមកាន់កាំបិតពីដើមឈរនៅមាត់ទ្វារ ទំនងក្នុងគោលបំណងតតាំងពេលប្រឈមមុខជាមួយសមត្ថកិច្ចក្នុងពេលចុះអន្តរាគមន៍បង្ក្រាប មុនរងរបួស ធ្ងន់ និងស្លាប់ក្រោយបញ្ជូនទៅព្យាបាល ។

 

ករណីខាងលើ ត្រូវបានប្រភពជុំវិញនៅកន្លែងកើតហេតុ ដាក់ការសង្ស័យថា អាចមកពីជម្លោះពាក់ព័ន្ធបញ្ហាគ្រួសារ ឬភ្លើងប្រចណ្ឌ ប៉ុន្តែមូលហេតុពិតប្រាកដ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច ។ សោកនាដកម្មខាងលើនេះ បានធ្វើឲ្យមហាជនសោកស្តាយយ៉ាងខ្លាំង ព្រោះថ្ងៃដែលគួរតែជាពេលជួបជុំ និងរីករាយមានសេចក្តីសុខក្នុងគ្រួសារ បែរជាក្លាយជាថ្ងៃកើតរឿងអកុសលបែបនេះ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print