ក្មេងទំនើងដេញវាយគ្នាកណ្តាលស្រុកជីក្រែង៖ នគរបាលចាប់បាន៦នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ ហេតុការណ៍ក្មេងទំនើងមួយក្រុមបានដេញវាយគ្នាយ៉ាងអនាធិបតេយ្យ បង្កភាពភ្ញាក់ផ្អើល និងការព្រួយបារម្ភក្នុងមូលដ្ឋាន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។ សកម្មភាពនេះត្រូវបានមហាជនចាត់ទុក ថា ជាការបំពានសន្តិសុខសង្គម និងប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋនៅតំបន់នោះ។

 

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយ ពេលកើតហេតុ កម្លាំងនគរបាលបានចូលអន្តរាគមន៍ និងធ្វើការស្រាវជ្រាវយ៉ាងសកម្ម ដោយចាប់ខ្លួនក្រុមក្មេងទំនើងបានចំនួន ៦នាក់ ខណៈដែលបក្ខពួកផ្សេងទៀតកំពុងត្រូវបានតាមដាន និងស្វែងរកបន្ត។

 

មន្ត្រីពាក់ព័ន្ធបានបញ្ជាក់ថា សកម្មភាពដេញវាយគ្នាបែបនេះ មិនត្រឹមតែបង្កភាពអសន្តិសុខក្នុងសង្គមទេ ប៉ុន្តែថែមទាំងអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋផងដែរ។

 

បន្ទាប់ពីសាកសួរចប់ ក្មេងទំនើងទាំងនោះបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព (ដេញវាយ និងគប់គ្នាដោយដុំឥដ្ឋ និងមួកសុវត្ថិភាពទៅវិញទៅមក) ប្រាកដមែន ដោយសារខឹងមើលមុខ រាំឌឺដងដាក់គ្នាពេលកំពុងជិះម៉ូតូក្នុងកម្មពិធីដង្ហែព្រះជុំវិញផ្សារដំដែក។

 

មហាជនបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ បន្តអនុវត្តច្បាប់យ៉ាងតឹងរឹង និងពង្រឹងការអប់រំយុវជនអំពីសីលធម៌ សុជីវធម៌ និងការរស់នៅក្នុងសង្គម ដើម្បីបង្ការការកើតមានសកម្មភាពហិង្សាបែបនេះនៅថ្ងៃក្រោយ។

 

ជាមួយគ្នានេះ ក៏មានការលើកឡើងថា ការចូលរួមពីគ្រួសារ សាលារៀន និងសហគមន៍ គឺជាចំណុចសំខាន់ក្នុងការបណ្តុះបណ្តាលយុវជនឲ្យមានទិសដៅល្អ និងជៀសវាងពីអំពើអវិជ្ជមានក្នុងសង្គម៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print