ភ្នំពេញ ៖ មុខការរបស់ចៅក្រម និងមេធាវីពាក់ព័ន្ធនឹងការដោះស្រាយក៏ដូចជាពន្លត់ភ្លើងវិវាទ ! នេះជាការធ្លាប់លើកឡើងពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តែងពន្យល់ផ្លូវច្បាប់ ដល់ចៅក្រម មេធាវី មន្ត្រីតុលាការ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ មុខការរបស់ចៅក្រម គឺយើងដឹងតែកាត់ក្តីទេ កាត់ក្តីគឺដើម្បីយុត្តិធម៌ ក៏ប៉ុន្តែចៅក្រមមិនត្រូវភ្លេចថា មុខការពិតប្រាកដរបស់ចៅក្រម គឺជាអ្នករកដំណោះស្រាយចំពោះវិវាទ ។ ចឹងមុខការស្នូលរបស់ចៅក្រម មិនមែនត្រឹមតែការកាត់ក្តីមួយមុខទេ គឺអ្នកដោះស្រាយវិវាទ ! ហើយវិធីដោះស្រាយវិវាទ ក្រមនីតិវិធីរដ្ឋប្បវេណីយើង ចង្អុលហើយ ! មិនមែនមានតែការកាត់ក្តីមួយទេ ការផ្សះផ្សា ក៏ជាផ្នែកមួយនៃការដោះស្រាយក្នុងវិវាទដែរ ទាំងការកាត់ក្តី ! ក្តី ទាំងការសម្របសម្រួលផ្សះផ្សាក្តី សុទ្ធតែជាវិធីដោះស្រាយវិវាទ ហើយសុទ្ធតែវិធី ដើម្បីផ្ដល់យុត្តិធម៌ជូនទៅដល់គូរភាគីវិវាទ ។ អញ្ចឹងហើយបានជាក្រមនីតិវិធីរដ្ឋប្បវេណីចែងថា កំណត់កំណត់ហេតុសះជារបស់ចៅក្រម ដែលធ្វើនៅមុខចៅក្រម មានអានុភាពដូចសាលក្រមចឹង !
លោករដ្ឋមន្ត្រីបន្តថា ៖ មេធាវីក៏ដូចគ្នាដែរ ! មុខការរបស់មេធាវី គឺការពារក្តី អោយកូនក្តី យកឈ្នះ ។ ប៉ុន្តែមុខការពិតប្រាកដរបស់មេធាវី ឬក៏ការពារផលប្រយោជន៍ឱ្យកូនក្តី ប៉ុន្តែផលប្រយោជន៍របស់កូនក្តីពិតប្រាកដ គឺបានរកដំណោះស្រាយមួយបានយ៉ាងល្អ សម្រាប់គាត់ មិនមែនមុខការថាផលប្រយោជន៍របស់គាត់ ត្រូវតែការពារក្តីដណ្ដើមយកឈ្នះទេ ។ ផលប្រយោជន៍របស់ភាគីពិតប្រាកដ គឺរកឲ្យបាននូវដំណោះស្រាយមួយដ៏ល្អសម្រាប់គាត់។ ចឹងការពារក្តីក៏ត្រូវ ! បើមេធាវីអាចទៅរកដំណោះស្រាយមួយក្រៅប្រព័ន្ធតុលាការសម្រាប់ពន្លត់រឿង ក៏ជាដំណោះស្រាយមួយ ដែលផ្ដល់ផលប្រយោជន៍ឲ្យភាគីដែរ ។ មេធាវីមិនត្រឹមតែដើរតួនាទីការពារក្តី គឺបង្កាត់ភ្លើងហើយ ប៉ុន្តែមេធាវីក៏អាចមានតួនាទី ជាអ្នកពន្លត់ភ្លើងដែរ ៕
ដោយ ៖ សិលា











