ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកកាមរីហាយប្រ៊ីដមួយគ្រឿងចុះពីលើស្ពានអាកាស៧មករាលឿនពេកជ្រុលទៅកៀខឿនបែកកង់វេរកន្ទុយមកកណ្ដាលផ្លូវស្របពេលម៉ូតូមកពីក្រោយបុកបន្ថែមបណ្ដាលឱ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០:៥០នាទីយប់ថ្ងៃទី១៩ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកកាមរីហាយប្រ៊ីដពណ៌ស្ករ១គ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 2Q-8833 ចុះពីលេីស្ពានអាកាស៧មករាក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈពេលបើកចុះមកដលចុងស្ពានក៏រេចង្កូតទៅប៉ះខឿនបណ្តាលឲ្យបែកកង់មួយចំហៀងខាងស្តាំ ហើយងាកកន្ទុយរថយន្តមកកណ្តាលផ្លូវស្របពេលមានម៉ូតូ១គ្រឿងម៉ាក HONDA SCOOPY ពណ៌សពាក់ផ្លាកលេខភ្នំពេញ 1AV-7491ជិះដោយបុរសម្នាក់បើកមកពីក្រោយស្របគ្នាជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តពីក្រោយចំចំហៀងខាងស្តាំបន្ថែមបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកបើករថយន្តបង្កហេតុបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តបង្កហេតុនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










