រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបន្ដពង្រឹងកាន់កាប់ខុសច្បាប់បន្ថែម រំលោភដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ ចេញសេចក្តីប្រកាសព័ត៌មាន តវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធថៃ ពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត ដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅទីតាំងជាច្រើន ដូចខាងក្រោម៖

*ខេត្តព្រះវិហារ៖ ឃុំស្រអែម ស្រុកជាំក្សាន្ដ កងកម្លាំងប្រដាប់អាវុធថៃ បានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅក្នុងតំបន់តាថាវ ដែលស្ថិតនៅចន្លោះប្រាសាទព្រះវិហារ និងតំបន់៥មករា។

*ខេត្តឧត្តរមានជ័យ៖

នៅស្រុកអន្លង់វែង កងកម្លាំងប្រដាប់អាវុធថៃ បានបន្តសាងសង់ផ្លូវនៅជិតបង្គោលព្រំដែនលេខ២បច្ចុប្បន្ន និងនៅតំបន់ដើមតាត្រាវស្រុកត្រពាំងប្រាសាទ។

នៅស្រុកបន្ទាយអំពិល កងកម្លាំងប្រដាប់អាវុធថៃ បានជីកលេណដ្ឋាននៅតំបន់ច្រកទ្វារអន្តរជាតិ ជប់គគីរ។

នៅសង្កាត់កូនក្រៀល ក្រុងសំរោង កងកម្លាំងប្រដាប់អាវុធថៃ បានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅភាគខាងកើត នៃតំបន់ជប់ដើមខ្នុរ និងបានបន្តសកម្មភាពឈូសឆាយដី នៅភាគខាងជើងនៃតំបន់នេះ។

នៅតំបន់ថ្មដូន កងកម្លាំងប្រដាប់អាវុធថៃ បានបន្តសាងសង់ផ្លូវថ្មើរជើង ព្រមទាំងសាងសង់លេណដ្ឋាន និងផ្លូវនៅតំបន់ចូកគ្លេសភាគខាងកើត ច្រកទ្វារអន្តរជាតិថ្មដូន។

*ខេត្តពោធិ៍សាត់៖ នៅឃុំថ្មដា ស្រុកវាលវែង កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីធ្វើសកម្មភាពឈូសឆាយដីបន្ថែមទៀត នៅតំបន់អូរភ្លុកដំរី។ 

សកម្មភាពទាំងនេះក៏ជាការរំលោភលើការប្តេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ ក្រោមធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជា ពិសេសគោលការណ៍នៃការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពអធិបតេយ្យភាពទឹកដី និងការមិន ប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋមួយផ្សេងទៀត។ កម្ពុជាបដិសេធចំពោះការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់ សកម្មភាពទាំងនេះថាជាការការពារខ្លួន និងស្របតាមប្រការនានា ដែលមានចែងក្នុងសេចក្តីប្រកាសរួម នៃ កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (JBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជាសូមគូសបញ្ជាក់សាជាថ្មីថា កម្ពុជាមិនទទួលយកខ្សែបន្ទាត់ព្រំដែន ឬការ ទាមទារទឹកដីណាមួយ ដែលអះអាងឯកតោភាគីដោយប្រទេសថៃជាដាច់ខាត។ បន្ថែមពីនេះ សកម្មភាព ដែលបានរៀបរាប់ខាងលើ នឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងការកំណត់បន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។

រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពឯកតោភាគីបន្តទៀត នៅក្នុង តំបន់ដែលបានរៀបរាប់ខាងលើ ឬតំបន់ផ្សេងទៀត ដែលស្ថិតក្នុងកាលៈទេសៈស្រដៀងគ្នានេះ សំដៅកាត់ បន្ថយភាពតានតឹង ពង្រឹងជំនឿជាក់និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និង ភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

...

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួនក្នុង ការស្វែងរកដំណោះស្រាយជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាង ទាំងអស់របស់ខ្លួន ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ព្រមទាំងរក្សាយ៉ាង ខ្ជាប់ខ្ជួននូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print