ខេត្តបន្ទាយមានជ័យ÷ នៅវេលាម៉ោង១១និង០០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ ឡា តុងញ៉ា (LA TRONG NHAN) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិវៀតណាម ស្តីពីករណី ហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) ប្រព្រឹត្តកាលពីវេលាម៉ោង១៦និង៣៥នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីបានទទួលពាក្យបណ្តឹងរួចលោកអនុសេនីយ៍ ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារហូតដល់វេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម៦នាក់ នៅចំណុចផ្ទះល្វែង១កន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ,១. ឈ្មោះ វង ទុងកេក (NGUYEN TUANKIET) ភេទ ប្រុស អាយុ២៦ឆ្នាំ, ២.ឈ្មោះ វែង ថឹងបិន (VENG TEINGBEN) ភេទប្រុស អាយុ២២ឆ្នាំ, ៣.ឈ្មោះ ឡេ យ៉ាំងវ៉ឹក ភេទប្រុស អាយុ២៤ឆ្នាំ, ៤.ឈ្មោះ ជឿង ខាន់តុង(TRUONG THANH TUNG) ហៅហ្វី ភេទប្រុស អាយុ២៣ឆ្នាំ, ៥.ឈ្មោះ វែង តឹងតាយ ភេទប្រុស អាយុ ២៥ឆ្នាំ, ៦.ឈ្មោះ ប៊ូយ វ៉ឹកខាន់ ភេទប្រុស អាយុ២៣ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ៖ កាំបិតបត់ ប្រវែង២១ សង់ទីម៉ែត្រ ចំនួន០១ដើម, ម្សៅម៉ត់ពណ៌សសង្ស័យជាសារធាតុផ្សំ ចំនួន៧៥កញ្ចប់,ថ្នាំគ្រាប់ពណ៌បៃតងJNW ចំនួន០១បន្ទះ ស្មើនឹង០៩គ្រាប់, បំពង់វែបចម្រុះ ចំនួន ៥៦៤គ្រឿង, ក្បាលបំពង់វែប ចំនួន១៣ថង់ធំ, ម្សៅសប្បាយរូបសេះ ចំនួន៥៨កញ្ចប់, ទឹកថ្នាំពណ៌លឿង ចំនួន០៣បន្ទះ,ជញ្ចីងថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង, ម៉ាស៊ីនគៀបថង់សម្រាប់វេចខ្ចប់ ចំនួន០២គ្រឿង, ថង់វេចខ្ចប់មួយចំនួនធំ រួមនឹងវត្ថុតាងមួយចំនួនទៀត ហើយនាំមកកាន់មូលដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី។
លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ពួកគេពិតជាបានប្រេីហិង្សាដោយចេតនា ស្ថានទម្ងន់ ទោស ទៅលេីជនរងគ្រោះពិតប្រាកដមែន ព្រមទាំងបានរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។
ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំ០៦នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ សុរិយា










