ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបង្គាប់ឲ្យនគរបាលពាក់ស័ក្ដិ៥ ឈ្មោះ ខៀវ សុងច័ន្ទសុធា ដែលរងការរិះគន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ហើយគំរាមវាយខ្នោះចាប់បុរសម្នាក់ដាក់គុក ត្រូវចូលខ្លួនបំភ្លឺ និងធ្វើរបាយការណ៍នៅអង្គភាពរបស់ខ្លួន ខណៈអគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ក៏កំពុងមានចំណាត់ការលើករណីនេះដូចគ្នា។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះថា៖ «យើងបានតាមដានយ៉ាងយកចិត្ដទុកដាក់ និងកំពុងពិនិត្យករណីនេះ ឱ្យបានសព្វគ្រប់ជ្រុងជ្រោយ។ ចំពោះសាមីខ្លួន គឺអាចសរសេររបាយការណ៍បំភ្លឺមកអង្គភាពខ្លួន និង/ឬអង្គភាពខ្លួនមានសមត្ថកិច្ចឲ្យសាមីខ្លួនបំភ្លឺរឿងហេតុនេះ ដើម្បីមានមូលដ្ឋានធ្វើមូលវិចារណ៍។ ទន្ទឹមនឹងនេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏មានសមត្ថកិច្ចដូចគ្នា»។
សូមជម្រាបថា នគរបាលពាក់ស័ក្ដិ៥ម្នាក់ មានតួនាទីជាអនុប្រធាននាយកដ្ឋាន ក្នុងអង្គភាពចំណុះក្រសួងមហាផ្ទៃ បានរងការរិះគន់យ៉ាងខ្លាំងពីមហាជននៅលើបណ្ដាញសង្គម ដែលប្រើប្រាស់ពាក្យសម្ដីគំរាមចាប់វាយខ្នោះពលរដ្ឋ ក្រោយជិះឡានប៉ះឡានរបស់ខ្លួនពាក់ផ្លាកលេខនគរបាលដែលចតនៅលើចិញ្ចើមផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
មានឈ្មោះ ខៀវ សុងច័ន្ទសុធា ពាក់ស័ក្ដិ៥ ឋានៈជាអនុប្រធាននាយកដ្ឋាន បានបើករថយន្ដមួយគ្រឿងម៉ាក Camry ពណ៌ស្ករ ពាក់ផ្លាកលេខនគរបាល2-0798 ចតនៅខាងស្ដាំដៃនៃផ្លូវ ពេលនោះស្រាប់តែមានរថយន្ដមួយគ្រឿងទៀត ម៉ាក Chevrolet Tracker ពណ៌ស (អ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង) បើកមកប៉ះខាងក្រោយផ្នែកខាងឆ្វេង បណ្ដាលឲ្យបែកស្ដុប និងកំបិតកាងខាងក្រោយ។ បើទោះបីអ្នកបើកបររថយន្ដ Chevrolet Tracker ស្ថិតក្នុងស្ថានភាពស្រវឹងក៏ពិតមែន ប៉ុន្ដែមិនបានគេចវេសពីកន្លែងកើតហេតុនោះ ពោលបានព្យាយាមសម្របសម្រួលដោះស្រាយជាមួយរថយន្ដនគរបាលខាងលើ ដោយចេញថ្លៃសំណងចំនួន៥០០ដុល្លារ។
ក្រោយមក ម្ចាស់រថយន្ដ Chevrolet Tracker បានទាក់ទងទៅក្រុមគ្រួសារដើម្បីយកលុយមកសងសំណងដល់ឡាននគរបាល។ ពេលកំពុងឈរចាំនោះ ស្រាប់តែម្ចាស់រថយន្ដដែលជានគរបាលនោះ បានស្រែកគំរាមឲ្យនគរបាលដែលចុះទៅអន្ដរាគមន៍នៅកន្លែងកើតហេតុ ចាប់វាយខ្នោះ ដាក់គុកអ្នកបើករថយន្ដ ដែលប៉ះរថយន្ដរបស់ខ្លួនតែម្ដង ទើបក្រោយមកមានការប៉ះទង្កិចគ្នាដោយពាក្យសម្ដីផងដែរ។ ក្រោយស្រែកគំរាមរួច នគរបាលរូបនោះ បានលូកដៃយកបារីអេឡិចត្រូនិកនៅក្នុងហោប៉ៅ ជក់នៅមុខមហាជន ដែលបារីអេឡិចត្រូនិកនេះ ត្រូវបានរាជរដ្ឋាភិបាលហាមឃាត់ក្នុងការប្រើប្រាស់ ហើយកន្លងមកសមត្ថកិច្ចក៏បានបង្ក្រាបទីតាំងលក់ចែកចាយជាច្រើនផងដែរ។
សម្រាប់បុរសភាគីម្ខាងទៀត យើងទទួលស្គាល់ថា គាត់បានបើកឡានទៅកៀរឡានស្លាកលេខនគរបាលរបស់មន្រ្តីនគរបាលស័ក្តិ៥ បណ្តាលឲ្យខូចខាតខាងក្រោយ តែសម្រាប់បុរសរូបនេះទំនងជាមន្រ្តីរាជការផងនោះ គាត់មិនបានគេចវេសពីកន្លែងកើតហេតុ ហើយនៅចាំទទួលដោះស្រាយជាមួយម្ចាស់ឡានពាក់ស្លាកលេខនគរបាល។ តែសម្រាប់លោកនគរបាលពាក់ស័ក្តិ៥ ប្រើសម្ដីមកសុទ្ធតែយកទៅដាក់គុក តើនេះជាការដោះស្រាយបញ្ហារបស់នគរបាលជាតិមួយរូប នៅពេលជួបបញ្ហាជាមួយពលរដ្ឋ?។
តើគាត់ចេះច្បាប់ទម្លាប់បែបណា និងកម្រិតណាដែរ ឬបានតែប្រើអំណាចសំដីដោយអាងលើស័ក្តិរបស់គាត់ និងតួនាទីជាមន្រ្តីនគរបាលជាតិ? បើសិនយើងស្វែងរកខុសត្រូវវិញ តើគាត់ចតឡានលើចិញ្ចើមផ្លូវបែបនេះ តើត្រូវច្បាប់ទេ? តើគាត់ប្រើឡានស្លាកលេខនគរបាល ក្នុងម៉ោងការងារ ឬយ៉ាងណា? បូករួមទាំងសកម្មភាព (ជក់បារីអេឡិចត្រូនិក) និងកាយវិការហាក់មិនសមរម្យ ក៏ជាហេតុផលមួយ សម្រាប់ថ្នាក់ដឹកនាំពិចារណា ស្រាវជ្រាវ និងការវាយតម្លៃលើបុគ្គលិកលក្ខណ:របស់មន្រ្តីនគរបាលរូបនេះ។
យ៉ាងណាមិញ សកម្មភាពទាំងអស់នេះរបស់នគរបាល ខៀវ សុងច័ន្ទសុធា បានរងនូវការរិះគន់ជាបន្ដបន្ទាប់ពីមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម។ អ្នកប្រើប្រាស់បណ្ដាញសង្គម បានស្រាវជ្រាវរកឃើញទៀតថា កន្លងមកនគរបាលរូបនេះក៏ធ្លាប់មានរឿងអាស្រូវជេរប្រមាថទៅលើអ្នកដឹកជញ្ជូនទំនិញ ដែលខ្លួនបានបញ្ជាទិញផងដែរ៕
ដោយ៖តារា










