ភ្នំពេញ៖ អាម៉េរិកបានប្រកាសដាក់ទណ្ឌកម្មលើ លោក ឫទ្ធី រស្មី ប្រធានក្រុមហ៊ុន K99 Group រួមទាំងសណ្ឋាគារ Nanhai , សណ្ឋាគារ Xihu , ធនាគារ ហេង ហ្វឹង (Hengfeng Bank), ក្រុមហ៊ុន Bolai Group ព្រមទាំងបុគ្គល និង ក្រុមហ៊ុនពាក់ព័ន្ធសរុបចំនួន២៨ នៅកម្ពុជា។ ការសម្រេចដាក់ទណ្ឌកម្មនេះ ធ្វើឡើងក្រោមការចោទថា ក្រុមហ៊ុនទាំងនេះបានប្រើប្រាស់កាស៊ីណូ រមណីយដ្ឋាន និង អចលនទ្រព្យពាក់ព័ន្ធរបស់ខ្លួន ជាមូលដ្ឋានសម្រាប់ប្រតិបត្តិការសកម្មភាព បទល្មើស Online Scams។
យោងតាមសេចក្តីប្រកាសរបស់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងរតនាគារអាម៉េរិក ក្រុមហ៊ុនពាក់ព័ន្ធលោក ឫទ្ធី រស្មី រួមមាន K99 Culture and Media Co Ltd (Cambodia K99 Group), Nan Tian International Hotel Co Ltd (ត្រូវបានគេស្គាល់ថា សណ្ឋាគារ Nan Hai) និង Xing Tian Di Co Ltd។
ចំណែកក្រុមហ៊ុនពាក់ព័ន្ធនឹង Aik Paung និង Sai Aung Linn រួមមាន Xihu Resort Hotel Co Ltd, Heng Feng Group Co Ltd និងធនាគារ ហេង ហ្វឹង (Hengfeng Bank)។ អាម៉េរិក បញ្ជាក់ថា កាស៊ីណូ និងធនាគារ ហេង ហ្វឹង ត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនឹងការផ្ទេរប្រាក់ និង សកម្មភាពលាងលុយ។
ក្រុមហ៊ុនផ្សេងទៀតត្រូវបានដាក់ទណ្ឌកម្ម រួមមាន Brilliancy Sihanoukville Investment and Development Co Ltd (Bolai), Huan Hai Bo Lai International Investment Co Ltd និង SSDD Construction Material Co Ltd។អាម៉េរិក ថា Bolai Group គ្រប់គ្រងកាស៊ីណូ និងអចលនទ្រព្យពាក់ព័ន្ធនៅក្រុងព្រះសីហនុ ហើយត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនឹងប្រតិបត្តិការមូលនិធិបោកប្រាស់ និង សកម្មភាពលាងលុយ។
លើសពីនេះ ក្រុមហ៊ុនផ្សេងទៀតស្ថិតក្នុងបញ្ជីទណ្ឌកម្ម រួមមាន Aurum Co Ltd, Kaissa Travel Co Ltd, Khemreah Co Ltd, Xiong Wei Investment Co Ltd, Xiong Wei Real Estate Co Ltd និង Fung Yuet Resort Hotel Co Ltd។
គិតត្រឹមម៉ោង ម៉ោងមួយល្ងាចនេះ បុគ្គលដែលមានឈ្មោះក្នុងបញ្ជីទណ្ឌកម្ម មិនទាន់បានចេញសេចក្តីប្រតិកម្មជាសាធារណៈនៅឡើយទេ៕ដោយ៖តារា
ប្រភព៖ស៉ីស៉ីថាមស៍











