ភ្នំពេញ៖ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា ប្រធានអង្គភាពស៉ីម៉ាក់ នៅថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ បានទទួលបដិសណ្ឋារកិច្ច និងពិភាក្សាការងារជាមួយ លោក Kęstutis Budrys រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋលីទុយអានី ដើម្បីស្វែងយល់ពីវិស័យសកម្មភាពមីននៅកម្ពុជា និងកិច្ចប្រតបត្តិការរបស់អង្គភាពCMAC ព្រមទាំងការផ្លាស់ប្តូរទស្សនៈលើការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើការងារការហ្វឹកហ្វឺនសកម្មភាពមីនដែលអង្គភាពស៊ីម៉ាក់បានផ្តល់ការហ្វឹកហ្វឺនដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្រ្គាម ជាពិសេសបទពិសោធន៍ដែលបានបណ្តុះបណ្តាលជូនអ្នកជំនាញបោសសម្អាតមីន SESU មកពីប្រទេសអ៊ុយក្រែន។
ក្នុងជំនួបពិភាក្សានេះ លោក ហេង រតនា បានជម្រាបជូន លោក Kęstutis Budrys ចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានគាំទ្រអង្គភាពCMAC ក្នុងការហ្វឹកហ្វឺនចែករំលែកបទពិសោធន៍ដល់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម នៅក្នុងសកលលោក។ លោកក៏បានជម្រាបជូន អំពីប្រវត្តិសង្គ្រាមនៅកម្ពុជាដែលបន្សល់ទុកនៅគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនលានគ្រាប់ ជាពិសេសផលប៉ះពាល់បង្កដោយសង្រ្គាមឈ្លានពានសៀមកាលពីឆ្នាំ២០២៥ថ្មីៗកន្លងទៅនេះដែលបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមជាច្រើនរួមទាំងគ្រាប់បែកចង្កោម និងប៉ះពាល់ដល់សហគមន៍ផងដែរ។
នាឱកាសនោះ លោក Kęstutis Budrys សម្តែងនូវការកោតសរសើរយ៉ាងពេញទំហឹង ចំពោះកិច្ចប្រតិបត្តិការរបស់អង្គភាពCMAC ជាពិសេសអបអរសាទរចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រអង្គភាពCMAC ក្នុងការចែករំលែកបទពិសោធន៍ដល់បណ្តាប្រទេស ដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅក្នុងសកលលោក ។ លោក បានចាត់ទុកថាការចែករំលែកបទពិសោធន៍របស់អង្គភាពCMAC គឺជាការចូលរួមចំណែកដ៏មានតម្លៃបំផុតសម្រាប់សន្តិសុខមនុស្សជាតិ ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។
សូមជម្រាបថា ជួបពិភាក្សានេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពបច្ចេកទេសរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់តួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ ក្នុងនាមជាអ្នកចែករំលែកបទពិសោធន៍ដល់បណ្តាប្រទេសដែលរងលប៉ះពាល់ដោយសារសង្គ្រាម តាមរយៈជំនាញបោសសម្អាតមីន។
ទន្ទឹងនឹងនេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសលីទុយអានី ក៏បានជំរុញនិងលេីកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងលីទុយអានី ទាំងផ្នែកហ្វឹកហ្វឺនជំនាញនិងការអភិវឌ្ឍសម្ភារបច្ចេកទេសទំនេីបៗផងដែរ៕
ដោយ៖តារា










