ការឆ្លើយតបរបស់កាសែត The Wall Street Journal (WSJ) នឹងលិខិតរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន តវ៉ាចំពោះការផ្សព្វផ្សាយអត្ថបទខ្វះវិជ្ជាជីវៈដែលប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អាស្នារិទ្ធ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កាសែត WSJ បានសម្រេចចុះផ្សាយអត្ថបទទស្សនៈ (Opinion Piece) ដោយបានដកស្រង់ខ្លឹមសារចេញពីលិខិតរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ញើជូនទៅកាន់និពន្ធនាយក និងអ្នកគ្រប់គ្រងការផ្សាយរបស់ WSJ ប៉ុន្មានម៉ោងក្រោយពីកាសែតនេះបានចុះផ្សាយអត្ថបទមួយដោយប្រើប្រាស់ពាក្យពាក្យ “Scambodia” ។

 

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីស្ថិតក្នុងសញ្ញាអញ្ញត្តិ (“ ”) និងមានការពន្យល់ពីនិពន្ធក៏ដោយ ក៏ពាក្យនេះមានន័យបង្អាប់ ដែលអាចនាំឱ្យមានការបកស្រាយខុសចំពោះប្រទេសមួយទាំងមូល និងប្រជាជនកម្ពុជា។ យើងជឿជាក់ថា ការផ្សាយព័ត៌មាន ជាពិសេសនៅក្នុងសារព័ត៌មានអន្តរជាតិធំៗ គួរតែជៀសវាងការប្រើប្រាស់ភាសាដែលអាចបង្កឱ្យមានការរើសអើង ឬការប៉ះពាល់ដល់កិត្តិយស។

 

តាមរយៈអត្ថបទទស្សនៈនេះដដែល កាសែតWSJ បានទទួលយកការតវ៉ារបស់កម្ពុជា ដែលបានបើកផ្លូវឱ្យពិភពលោកបានឃើញពីការពិតអំពីជំហរ ឆន្ទៈព្រមទាំងកិច្ចខិតខំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទោះបីជាមានការចុះផ្សាយអត្ថបទទស្សនៈខាងលើក៏ដោយ ក៏ក្រសួងព័ត៌មាននៅតែរក្សាជំហានដាច់ខាត ក្នុងការទាមទារឱ្យកាសែត WSJ ដកពាក្យ «Scambodia» ដែលបានប្រើដែលជាពាក្យបង្អាប់ និងបង្ខូចកិត្តិយសឈ្មោះប្រទេសកម្ពុជាដូចដែលបានស្នើក្នុងលិខិតផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រី។ ក្រសួងព័ត៌មានយល់ឃើញថា ការប្រើប្រាស់ឈ្មោះប្រទេសដែលមានអធិបតេយ្យភាព មកធ្វើជាឧបករណ៍សម្រាប់ចំណងជើងបែបអគតិ គឺជាបង្កការរើសអើងពូជសាសន៍ និងជាការរំលោភលើក្រមសីលធម៌សារព័ត៌មានយ៉ាងធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន។

 

ក្រសួងព័ត៌មាន នឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីការពារកិត្តិយស សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសមាជិកស្មើមុខស្មើមាត់នៅក្នុងសហគមន៍អន្តរជាតិ និងក្នុងនាមជាប្រទេសឈានមុខគេមួយក្នុងតំបន់ ដែលបានបន្តកិច្ចខិតខំបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីទឹកដីកម្ពុជា។

 

អ្នកនាំពាក្យក្រសួងព័ត៌មានសូមរំលឹកជូនផងដែរថា បន្ទាប់ពីកាសែតWSJ បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “How Cybercrime Became a Leading Industry in ‘Scambodia’” ក្រសួងព័ត៌មានបានចាត់វិធានការឆ្លើយតបភ្លាមៗ ព្រោះអត្ថបទនេះបានប្រើប្រាស់ពាក្យពេចន៍ខ្វះវិជ្ជាជីវៈ និងមានចរិតលក្ខណៈវិទ្ធង្សនាលើកិត្តិយសជាតិកម្ពុជា។

...

 

ជាមួយលិខិតរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រសួងបានស្នើសុំការកែតម្រូវជាផ្លូវនូវកំហុសវិជ្ជាជីវៈ និងស្នើផ្សាយអំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមលើនេះទៀត អ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញសេចក្តីថ្លែងការណ៍ច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការយកឈ្មោះប្រទេសកម្ពុជា ទៅលេងសើចភ្ជាប់នឹងបញ្ហាឧក្រិដ្ឋកម្មសកល ដែលទង្វើនេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អត្តសញ្ញាណ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិកម្ពុជាទាំងមូលនៅលើឆាកអន្តរជាតិ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print