ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ចាង តាន់យ៉ាង (Zhang Danyang) សាកលវិទ្យាធិការ និងគណៈប្រតិភូនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តចិន-អាល្លឺម៉ង់ ទីក្រុងធានជីង (Tianjin Sino-German University of Applied Sciences-TSGUAS) នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក ក៏ដូចជា ផ្លាស់ប្តូរយោបល់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ជាពិសេសលើការអភិវឌ្ឍជំនាញបច្ចេកវិទ្យាលើផ្នែកបញ្ញាសិប្បនិមិ្មត (AI)។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ចាង តាន់យ៉ាង និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ច ក៏ដូចជាថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ TSGUAS និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការចុះ MoU កាលពីឆ្នាំ២០១៦ កន្លងមក ដែលបាននាំមកនូវឧបករណ៍បច្ចេកទេសទំនើបៗ, ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលមេគង្គ-ឡាងឆាង និងការនាំយកជំនាញបច្ចេកវិទ្យាមេកានិក, បច្ចេកវិទ្យាអគ្គិសនី, បច្ចេកវិទ្យាទូរគមនាគមន៍ ព្រមទាំងការអភិវឌ្ឍសមត្ថភាពគ្រូបណ្តុះបណ្តាល និងមេរៀនជាច្រើន។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះគឺជាសក្ខីភាពនៃចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន ក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ជាមួយគ្នានេះ លោកក៏បានចាត់ទុកជំនួបពិភាក្សានាពេលនេះថា ជាកាលានុវត្តភាពដ៏សំខាន់ក្នុងការបន្តពង្រឹង និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
ជាការឆ្លើយតប លោក ចាង តាន់យ៉ាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយផ្លែផ្កា ព្រមទាំងបានបង្ហាញពីយុទ្ធសាស្រ្តការងារប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោកបានរំលឹកពីប្រវត្តិនៃការបង្កើតសាកលវិទ្យាល័យ TSGUAS ដែលបានសហប្រតិបត្តិការជាមួយប្រទេសជឿនលឿនដូចជាអាល្លឺម៉ង់ រហូតបានក្លាយទៅសាកលវិទ្យាល័យដ៏សំខាន់ឈានមុខគេក្នុងការបណ្តុះបណ្តាលដល់ប្រទេសផ្សេងៗ ព្រមទាំងបានកោតសរសើរពីកិច្ចសហប្រតិបត្តិការក្នុងរយៈពេល១០ឆ្នាំមកនេះជាមួយនឹងNPIC ផងដែរ។
ចំពោះកិច្ចសហការជំហានបន្ទាប់ សាកលវិទ្យាល័យ TSGUAS មានគម្រោងផ្តល់ការបណ្តុះបណ្តាល និងចែករំលែកបទពិសោធលើផ្នែក AI និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀតជាមួយនឹង NPIC ដោយមិនគិតថ្លៃ និងបង្កើតមេរៀនរួមគ្នាលើផ្នៃក AI ឱ្យមានស្តង់ដាខ្ពស់ស្របតាមគោលការណ៍ក្រសួងការងារ និង NPIC ប្រកបដោយភាពជោគជ័យ ដើម្បីក្លាយជា «គំរូ» ដល់សាកលវិទ្យាល័យផ្សេងៗទៀតនៅកម្ពុជា។ ម្យ៉ាងវិញទៀត លោក ចាង តាន់យ៉ាង ក៏បានផ្តួចផ្តើម «បង្កើតសម្ព័ន្ធភាព»មួយលើការអភិវឌ្ឍមេរៀនផ្នែក AI កម្រិតថ្នាក់ជាតិផងដែរ ដើម្បីទាក់ទាញបណ្តាសាកលវិទ្យាល័យនានាឱ្យចូលរួមសហការ សំដៅជំរុញ និងពង្រីកគំរូនៃកិច្ចសហប្រតិបត្តិការនេះ ទៅកាន់បណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ទន្លេមេគង្គបន្ថែមទៀតផងដែរ។
លោក ហេង សួរ បានគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមទាំងនេះ ដោយសង្ឃឹមថា សាកលវិទ្យាល័យ TSGUAS នឹងសម្រាំងយកនូវរាល់ចំណុចសំខាន់ៗនៃមេរៀន ដើម្បីយកមកបង្រៀនសិស្សកម្ពុជាឱ្យចេះក្នុងរយៈពេលខ្លី លើផ្នែកវិទ្យាសាស្រ្ត និងច្ចេកទេសថ្មីៗ។ លោកមានប្រសាសន៍ថា កម្ពុជាចង់ក្លាយទៅជាប្រទេសឈានមុខ ឬជាមជ្ឈមណ្ឌលមួយដែលអាចចែករំលែកបទពិសោធ និងចំណេះដឹងទៅបណ្តាប្រទេសក្នុងតំបន់ផងដែរ ស្របពេលច្ចុប្បននេះ AI បានក្លាយជាឧបករណ៍ដ៏ចាំបាច់បំផុត ដែលដើរតួនាទីយ៉ាងសំខាន់លើគ្រប់មុខជំនាញ និងវិជ្ជាជីវៈ ចាប់តាំងពីខ្សែច្រវាក់ផលិតកម្ម រហូតដល់វិស័យកសិកម្ម។
លោក ហេង សួរ ក៏បានអរគុណចំពោះសាកលវិទ្យាល័យ TSGUAS សម្រាប់កិច្ចខិតខំប្រឹងប្រែង និងស្មារតីសហការយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញបច្ចេកទេសកន្លងមក ប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។ តាមរយៈជំនួបដ៏មានសារៈសំខាន់ និងមានចក្ខុវិស័យដ៏វែងឆ្ងាយនេះ ភាគីទាំងពីរមានការជឿជាក់យ៉ាងមុតមាំថា សាកលវិទ្យាល័យ TSGUAS និង NPIC នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីជំរុញសន្ទុះនៃការបណ្តុះបណ្តាលសិស្សឱ្យកាន់តែច្រើនសម្រាប់បំពេញតម្រូវការទីផ្សារ៕
ដោយ៖តារា










