សម្តេចប្រមុខរដ្ឋស្ដីទី បញ្ជាឱ្យអាជ្ញាធរខេត្តបង្កើនការយកចិត្តទុកដាក់លើ «បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)» និងបញ្ហាគ្រឿងញៀននៅតែជាអាទិភាពដែលត្រូវតែបង្ក្រាបឱ្យបានដាច់ខាត

ចែករំលែក៖

ខេត្តកំពង់ចាម៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្រៅពីការបន្តរឹតបន្តឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សម្តេច បានបញ្ជាឱ្យអាជ្ញាធរខេត្តបង្កើនការយកចិត្តទុកដាក់លើ «បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)» ដែលកំពុងក្លាយជាបញ្ហាប្រឈមថ្មី និងបង្កផលប៉ះពាល់ដល់ទ្រព្យសម្បត្តិពលរដ្ឋ។ ទន្ទឹមនឹងនោះ បញ្ហាគ្រឿងញៀននៅតែជាអាទិភាពដែលត្រូវតែបង្ក្រាបឱ្យបានដាច់ខាត។

 

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាឱកាសសម្ដេចបានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តកំពង់ចាម សរុបចំនួន ១,១៩៣នាក់ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ ក្នុងស្មារតីពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់មូលដ្ឋាន និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិជាមួយអង្គបោះឆ្នោត ។

 

ក្នុងឱកាសដ៏មានអត្ថន័យនោះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗ ដើម្បីតម្រង់ទិសមន្ត្រីរាជការឱ្យអនុវត្តតួនាទីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ។ សម្តេចតេជោ បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវចងចាំក្នុងចិត្តថា «ខ្លួនគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយរបស់ប្រជាជនឡើយ»។ សម្តេចបានដាស់តឿនឱ្យមន្ត្រីខិតខំផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានរហ័ស ទាន់ចិត្ត និងមានក្រមសីលធម៌ខ្ពស់។

 

ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានព្រមានចំពោះមន្ត្រីដែលយកបុណ្យស័ក្តិទៅប្រើប្រាស់ក្នុងលក្ខណៈគ្រួសារនិយម បង្ហាញភាពអួតអាង ឬឥទ្ធិពលអំណាច (ប្តីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥) ដែលនាំឱ្យមានការថ្នាំងថ្នាក់ពីសំណាក់មហាជន។

...

 

សម្តេចបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋ ដោយឈរលើគោលការណ៍យុត្តិធម៌ មិនលំអៀង និងជំរុញការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដើម្បីបញ្ចប់ទំនាស់ដោយសន្តិវិធី និងឆាប់រហ័ស ចៀសវាងការអូសបន្លាយដែលនាំឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print