ខេត្តព្រះវិហារ៖ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានណែនាំដល់យុវជនគ្រប់បណ្តាថ្នាក់ ត្រូវរួមបង្កើនការផ្សព្វផ្សាយអំពីសកម្មភាពយោធាថៃ ឈ្លានពានទឹកដីកម្ពុជា និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយ តាមគ្រប់រូបភាព និងច្រើនភាសាដែលអាចធ្វើទៅបាន។
លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ណែនាំបែបនេះក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សខេត្តព្រះវិហារ » នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។
វេទិកានេះមានការអញ្ជើញចូលរួមពីលោក គីម រិទ្ធី អនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ, ឯកឧត្ដមអនុប្រធានគណៈប្រចាំការ យ.គ.ក., លោកប្រធានផ្នែក និងតំណាងផ្នែកចំណុះ នៃយ.គ.ក., លោកប្រធានយុវជនគណបក្សខេត្តព្រះវិហារ , ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ថ្នាក់ គ្រប់ផែន នៃគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ សរុបអ្នកចូលរួមចំនួន ៥៤៦ រូប។
ក្នុងឱកាសដ៏មានសារៈសំខាន់នេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកស្រីបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល ព្រមទាំង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលខេត្តព្រះវិហារ សម្រេចបានក្រោមការដឹកនាំរបស់គណៈកម្មាធិការគណបក្សខេត្ត ជាពិសេស លោក គីម រិទ្ធី រួមជាមួយ លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា និងយុវជនគណបក្សនៅទូទាំងខេត្តព្រះវិហារ។
ជាមួយគ្នានេះលោកបណ្ឌិតប្រធាន ក៏បានជម្រាបអង្គវេទិកាពីការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំគណបក្ស ក៏ដូចថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលឈ្លានពានខុសច្បាប់របស់ប្រទេសថៃ ព្រមជាមួយការដាក់ចេញនូវយន្តការដោះស្រាយជម្លោះប្រកបដោយសន្តិវិធី មានជាអាទិ៍ តាមរយៈយន្តការទូត និងច្បាប់អន្តរជាតិ និងការផ្សព្វផ្យាយព័ត៌មាននៅគ្រប់បណ្តាញសង្គម ពីការពិតនិងសោដនាដ្ឋកម្មនៃការបាត់បង់អាយុជីវិតប្រជាជនស្លូតត្រង់ ឱ្យដល់គ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិឱ្យយល់ច្បាស់ពីការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ប្រទេសថៃ។
បន្ថែមពីនេះ លោកបណ្ឌិត ក៏បានជម្រាបជូនអង្គវេទិកាពីការប្តេជ្ញាចិត្ត និងការខិតខំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាត់បង់លំនៅដ្ឋាននិងដីថ្លីរបស់ខ្លួន និងជំហរយ៉ាងម៉ុតម៉ាំរបស់រាជរដ្ឋាភិបាល ក្នុងការទាមទារយកមកវិញនូវទឹកដីដែលត្រូវកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃនិងទាហ៊ានថៃដោយមិនមានការយល់ព្រមដោះដូរអ្វីមួយនោះទេ។
លោកបណ្ឌិតបានណែនាំយុវជនគ្រប់បណ្តាថ្នាក់ ត្រូវបន្តក្តាប់ជាប់សភាពការណ៍សតិអារម្មណ៍ ទាំងក្នុងគណបក្ស និងក្នុងស្រទាប់មហាជន ព្រមទាំងអប់រំប្រជាជនឱ្យយល់ជ្រួតជ្រាបអំពីសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធានារាល់ការអនុវត្តភារកិច្ចនយោបាយរបស់គណបក្ស។
លោកបន្តថា យុវជនគ្រប់បណ្តាថ្នាក់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងពន្យល់ដល់ប្រជាជន មហាជនឱ្យយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាជន និងការពារទឹកដី ហើយយុវជនគ្រប់បណ្តាថ្នាក់ ត្រូវរួមកម្លាំងសាមគ្គីជាតិជាឆ្លុងមួយ ការពារសន្តិភាព អធិបតេយ្យ បូរណភាពទឹកដី និងអត្តសញ្ញាណជាតិខ្មែរ ឱ្យស្ថិតស្ថេរ រឹងមាំ និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនហើយយុវជនគ្រប់បណ្តាថ្នាក់ ត្រូវបំផុសជំនឿជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ និង សម្តេចធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបំផុសស្មារតីជាតិនិយម ពហិការចំពោះការប្រើប្រាស់ទំនិញថៃ និងលើកទឹកចិត្តការប្រើប្រាស់ផលិតក្នុងស្រុក។
បន្ថែមពីនេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានណែនាំយុវជនគ្រប់បណ្តាថ្នាក់ ត្រូវបន្តបំផុសស្មារតីប្រជាជនឱ្យបន្តគាំទ្រវីរៈកងទ័ពជួរមុខ និងបន្តជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋភៀសសឹក គាំទ្រលើកទឹកចិត្តស្មារតីការពារទឹកដី រួមកម្លាំងជុំវិញរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជាតិ មាតុភូមិ ហើយយុវជនគ្រប់បណ្តាថ្នាក់ ត្រូវរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតញុះញង់, អុជអាល, លាភពណ៌, មូលបង្កាច់មកលើថ្នាក់ដឹកនាំគណបក្ស និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រមទាំងធ្វើការវាយបកឱ្យកាន់តែខ្លាំង ទាន់ពេលវេលា និងមុតស្រួច៕
ប្រភព ៖ (CCFR)










