ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៣ រសៀល លោក គង់ វីរៈ អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានទទួលស្វាគមន៍ លោក Kęstutis Budrys រដ្ឋមន្ត្រីការបរទេសលីទុយអានី នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
លោក ហង្ស និស្ស័យ ប្រធានការិយាល័យសារមន្ទីរបានណែនាំជូនឯកឧត្តមរដ្ឋមន្ត្រីអំពីប្រវត្តិសាស្ត្រប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាពិសេសអំពីរឿងរ៉ាវដែលបានកើតឡើងនៅអតីតមន្ទីរស-២១ ឬគុកទួលស្លែង។ អំឡុងទស្សនកិច្ច លោករដ្ឋមន្ត្រីចាប់អារម្មណ៍ ព័ត៌មានអំពីបណ្ណសារពីសម័យខ្មែរក្រហម ជាពិសេសការតាំងពិព័រណ៍រូបថត។
នៅទីបញ្ចប់នៃដំណើរទស្សកិច្ច លោករដ្ឋមន្ត្រីការបរទេស បានសំណេះសំណាលជាមួយជនរងគ្រោះនៅមានជីវិត ដាក់ផ្ការឈូកនៅស្ដូបរំឮកវិញ្ញាណក្ខ័ន្ត រួមទាំងសរសេរចំណាប់អារម្មណ៍លើសៀវភៅក្រាំងមាស ដែលបង្ហាញអំពីសេចក្ដីសោកសង្រេងចំពោះរឿងរ៉ាវដែលបានកើតឡើងដល់ជនរងគ្រោះ ៕
ប្រភព ៖ (ទទក)










