ភ្នំពេញ៖ ថ្មីៗនេះក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំបានសង្កេតឃេីញមានជនរងគ្រោះត្រូវបានជនខិលខូចលួចចូលគ្រប់គ្រងគណនី Telegram និងបានក្លែងបន្លំជាជនរងគ្រោះដេីម្បីបទល្មើសតាមតាមបណ្ដាញសង្គម។
ប្រសិនបើលោកអ្នកសង្ស័យថាមានជនអនាមិក កំពុងលួចប្រើប្រាស់ ឬកាន់កាប់គណនី Telegram របស់លោកអ្នក ក្រុមការងារបច្ចេកទេសសូមចែករំលែកវិធីសាស្ត្រ និងគន្លឹះសំខាន់ៗដើម្បីការពារសុវត្ថិភាពគណនី Telegram ដូចខាងក្រោម៖
១. ពិនិត្យលើ Active Sessions
ដើម្បីដឹងអំពីឧបករណ៍ដែលកំពុងបើកប្រើប្រាស់គណនី Telegram របស់អ្នក៖
• ចូលទៅកាន់ Settings > Devices ដើម្បីពិនិត្យទៅលើឈ្មោះឧបករណ៍ដែលកំពុងប្រើប្រាស់។ ប្រសិនបើឃើញឧបករណ៍ខុសប្រក្រតី លោកអ្នកអាចចុចលើពាក្យ “Terminate Session” ឬ “Terminate All Other Sessions”។
២. វិធីពង្រឹងសុវត្ថិភាពគណនី
ដើម្បីការពារកុំឱ្យមានការជ្រៀតចូល លោកអ្នកគួរអនុវត្តដូចខាងក្រោម៖
• បើក Two-Step Verification (2FA)៖ ចូលទៅ Settings > Privacy and Security > Two-Step Verification ដើម្បីកំណត់លេខសម្ងាត់ (Password) បន្ថែម
• ដាក់ Passcode Lock & Face ID៖ ការពារកុំឱ្យអ្នកដែលកាន់កាប់ទូរសព្ទលោកអ្នកផ្ទាល់ បើកចូលកម្មវិធី Telegram បាន
• កុំចុចលើតំណភ្ជាប់ (Link) គ្មានប្រភពច្បាស់លាស់៖ ជៀសវាងការចុចលើ Link ដែលតម្រូវឱ្យអ្នកបញ្ចូលលេខទូរសព្ទ ឬលេខកូដ OTP
៣. សញ្ញាសម្គាល់មិនប្រក្រតីផ្សេងៗ
ក្រៅពីកំណត់ Settings ខាងលើ អ្នកអាចសម្គាល់តាមរយៈសកម្មភាពប្លែកៗដូចជា៖
• ការផ្ញើសារទៅកាន់អ្នកដទៃ ឬចូលរួមក្នុង Group/Channel ប្លែកៗដោយមិនដឹងខ្លួន។
• សារផ្ញើចូលមក មានលោតសញ្ញាថា “អានរួច” ទាំងដែលអ្នកមិនទាន់បានបើកមើល។
• ទទួលបានលេខកូដ Login Code ពី Telegram ជាញឹកញាប់ (បញ្ជាក់ថាមានគេព្យាយាមចូលគណនីរបស់អ្នក)
ចំណាំ៖ ប្រសិនបើអ្នកបាន ‘Terminate’ រួចរាល់ហើយ សូមប្រញាប់ដាក់ Two-Step Verification ភ្លាម ដើម្បីការពារកុំឱ្យជនខិលខូចចូលបានម្ដងទៀត៕ដោយ៖តារា










