ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យវឌ្ឍនភាពការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងតំណាងមន្ទីរអប់រំ រាជធានី-ខេត្ត ចូលរួមដោយផ្ទាល់ និងតាមអនឡាញ។
កិច្ចប្រជុំនេះបានពិនិត្យពិភាក្សាលើរបាយការណ៍បច្ចុប្បន្នភាពស្ថានភាព និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យាកន្លងមក ព្រមទាំងបានដាក់ចេញនូវសកម្មភាពអាទិភាពដែលត្រូវអនុវត្តបន្ទាន់ និងផែនការសកម្មភាពត្រូវអនុវត្តសម្រាប់ឆ្នាំបន្តបន្ទាប់។ ការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិរន្តរភាពនៃការសិក្សានៅទូទាំងប្រទេស ដែលជាយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដោះស្រាយបញ្ហាឱនភាពគ្រូបង្រៀន និងធានាឱ្យបាននូវការផ្ដល់សេវាអប់រំដល់កុមារគ្រប់រូប ជាពិសេសនៅតាមខេត្ត និងតំបន់ដាច់ស្រយាល ឆ្លើយតបនឹងកំណើនសិស្សពីមួយឆ្នាំទៅមួយឆ្នាំ។ គ្រូជាប់កិច្ចសន្យាភាគច្រើនត្រូវបានប្រើប្រាស់ក្នុងវិស័យមត្តេយ្យសហគមន៍ និងកម្មវិធីអប់រំក្រៅប្រព័ន្ធ។
កន្លងមក ក្រសួងបានបែងចែកគ្រូជាប់កិច្ចសន្យាជាច្រើនប្រភេទ រួមមាន៖ ១) គ្រូមត្តេយ្យសហគមន៍ សម្រាប់បង្រៀនកុមារតូចៗនៅក្នុងភូមិ/ឃុំ ២) គ្រូបង្រៀនបឋមសិក្សា និងមធ្យមសិក្សា សម្រាប់ជួយបង្រៀនក្នុងសាលារដ្ឋដែលខ្វះគ្រូ និង ៣) គ្រូបង្រៀនអក្ខរកម្ម និងថ្នាក់បំពេញវិជ្ជា សម្រាប់កម្មវិធីអប់រំក្រៅប្រព័ន្ធ។ ការគ្រប់គ្រង និងការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា បានឆ្លងកាត់ការវិវត្តជាវិជ្ជមានជាច្រើនដំណាក់កាលមកដល់បច្ចុប្បន្ននេះ ត្រូវបានគ្រប់គ្រងជាប្រព័ន្ធ និងមានស្ដង់ដាកាន់តែល្អប្រសើរ។
បច្ចុប្បន្ន ក្រសួងបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបន្តកែលម្អ និងដោះស្រាយបញ្ហានានានៅក្នុងយន្តការនៃការជ្រើសរើស បែងចែក និងប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា សំដៅលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពអប់រំ ធានាឱ្យបាននូវនិរន្តរភាពនៃការរៀន និងបង្រៀន ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងបំផុតរបស់មូលដ្ឋាន៕
ដោយ ៖ សិលា











