សម្តេចប្រមុខរដ្ឋស្ដីទី កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័សលើបញ្ហាប្រេងឥន្ធនៈ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការដោះស្រាយបញ្ហាជនភៀសសឹក បានលឿនរហ័ស និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងបានកត់សម្គាល់ពីការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់រាជរដ្ឋាភិបាល លើបញ្ហាប្រេងឥន្ធនៈផងដែរ។

 

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ក៏បានលើកឡើងពីការវិវត្តន៍នៃសភាពការតំបន់ ក៏ដូចជាសភាពការណ៍នានានៅក្នុងប្រទេសកម្ពុជាផងដែរ។

 

លើបញ្ហាប្រេងឥន្ធនៈ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាល បានប្រឹងប្រែងក្នុងការផ្គត់ផ្គង់ប្រេងដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលរហូតមកដល់ពេលនេះនៅតែមានប្រេងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ទន្ទឹមនឹងការប្រឹងប្រែងរកប្រភពប្រេងមកផ្គត់ផ្គង់ប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ក៏បានកត់សម្គាល់ពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដាក់ចេញវិធានការនានា ដូចជាការមិនយកពន្ធគយ ការបញ្ចុះពន្ធអាករ និងពន្ធអាករពិសេសជាដើម ដើម្បីរក្សាតម្លៃប្រេងមិនឱ្យហក់ឡើងខ្ពស់ពេក។

 

ក្រៅពីកត់សម្គាល់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រេងឥន្ធនៈហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានកត់សម្គល់ពីសមត្ថភាពរបស់រាជរដ្ឋាភិបាល លើការដោះស្រាយបញ្ហារបស់ជនភៀសសឹកផងដែរ។ សម្តេចតេជោ បានមើលឃើញថា ចាប់តាំងពីពេលមានបញ្ហាព្រំដែនមក ទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងមន្ត្រីជាសេនាធិការ បានយកចិត្តទុកដាក់ខ្ពស់ ហើយចាត់ចែងបានល្អលើបញ្ហាជនភៀសសឹក ដូចជាការរៀបចំទីជម្រកបណ្តោះអាសន្ន ការផ្គត់សម្ភារប្រើប្រាស់ ស្បៀងអាហារ ព្រមទាំងការសិក្សារបស់កូនចៅប្រជាពលរដ្ឋភៀសសឹកជាដើម។

 

ពាក់ព័ន្ធបញ្ហាជនភៀសសឹកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការពេញចិត្តចំពោះរាជរដ្ឋាភិបាល ដែលបានរៀបចំសាងសង់ផ្ទះបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹករាប់ពាន់ខ្នងក្នុងរយៈពេលដ៏ខ្លី។ សម្រាប់សម្តេចតេជោ ការប្រឹងប្រែងដោះស្រាយបញ្ហាទាំងនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយក៏ជាការស្តែងឱ្យឃើញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយលើបញ្ហាដែលកើតឡើងដោយឥតគ្រោងទុកផងដែរ។

 

ក្រៅពីបញ្ហាខាងលើនេះទៅ ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំសរុបជិត៩០០នាក់នេះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តត្បូងឃ្មុំជាថ្មី។ សម្តេចតេជោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។

ការជំរុញមន្ត្រីនៅមូលដ្ឋានយកចិត្តទុកដាក់បម្រើជាតិ និងប្រជាជន គឺអាទិភាពមួយនៃដំណើរចុះជួបមន្ត្រីនៅតាមខេត្ត។ ជំនួបនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បន្តណែនាំដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តត្បូងឃ្មុំ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

 

សម្តេចតេជោ ក៏បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។

 

សម្ដេចតេជោ ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការថែរក្សាឲ្យបានគង់វង្ស។ ទន្ទឹមនេះ សម្ដេចតេជោ ក៏ណែនាំអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។

...

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តត្បូងឃ្មុំ ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print