ទីក្រុងសេអ៊ូល៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបប្រជុំ និងពិភាក្សាការងារជាមួយលោក Yoo Jae Seong អគ្គស្នងការស្តីទី នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ នៅទីបញ្ជាការទីភ្នាក់ងារនគរបាលជាតិកូរ៉េ ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្ថែម លើលទ្ធផលកិច្ចសហប្រតិបត្តិការ ដែលនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េ សម្រេចបានតាមរយៈក្រុមការងាររួមកម្ពុជា-កូរ៉េ។
ទន្ទឹមនោះ ភាគីទាំងពីរក៏បានឯកភាព គាំទ្រ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសបានបន្តដាក់ចេញនូវការងារសំខាន់ៗ ដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមគ្រប់រូបភាព និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធ រួមមាន ឃាតកម្ម ការចាប់ពង្រត់ ការឃុំឃាំងដោយខុសច្បាប់ ការបាត់ខ្លួន និងព្រមទាំងបានពង្រីកកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ប្រកបដោយប្រសិទ្ធភាព៕
ដោយ៖តារា










