ខេត្តកំពង់ធំ៖ ស្វាយចន្ទីកំពង់ធំ ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដែលជាជំហានសំខាន់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះ និងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ។
បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានមានប្រសាសន៍ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI) សម្រាប់ស្វាយចន្ទីកំពង់ធំ នឹងបើកឱកាសថ្មីៗ សម្រាប់ការកសាងម៉ាកយីហោ និងកំណើននៃការនាំចេញ ជាពិសេសទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ ដូចជា៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជប៉ុន និងកូរ៉េ។
សូមជម្រាបថា ការប្រើប្រាស់ស្លាកសញ្ញា GI ផ្លូវការ ត្រូវបានរំពឹងថានឹងជួយឱ្យលក់បានក្នុងតម្លៃខ្ពស់ ខណៈស្តង់ដារគុណភាពកាន់តែតឹងរ៉ឹង នឹងជំរុញឱ្យមានការកែលម្អការអនុវត្តកសិកម្មក្នុងចំណោមកសិករស្វាយចន្ទីជាង ២៥,០០០ នាក់។
បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ការកំណត់សម្គាល់នេះផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន រួមមាន៖ ការការពារផ្លូវច្បាប់ប្រឆាំងនឹងផលិតផលក្លែងបន្លំ ការរក្សាចំណេះដឹងប្រពៃណី និងការបង្កើនឱកាសសម្រាប់វិស័យទេសចរណ៍ និងការផលិតប្រកបដោយនិរន្តរភាពបរិស្ថាន។ វាក៏ជួយបង្កើនតម្លៃទីផ្សារនៃទំនិញទាំងនេះ និងគាំទ្រដល់ការពង្រីកខ្លួនចូលទៅក្នុងទីផ្សារសកល ព្រមទាំងបើកផ្លូវសម្រាប់ការទទួលស្គាល់ GI ជាលក្ខណៈអន្តរជាតិផងដែរ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា គិតមកទល់ពេលនេះ មាន ផលិតផលចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញចំនួន ១២ មុខ រួមមាន ម្រេចកំពត ក្រូចថ្លុងកោះទ្រង់ ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី អំបិល និងផ្កាអំបិលកំពត បង្កងតាកែវ ទឹកត្រីកំពតកែប ប្រហុកសៀមរាប សូត្រមាសភ្នំស្រុក ក្តាមថ្មកោះកុង ស្វាយចន្ទីកំពង់ធំ និងស្វាយឧត្តរមានជ័យ។
យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ ២០២៤។
ក្រសួងកសិកម្មកម្ពុជា បានឱ្យដឹងដែរថា គិត្រឹមឆ្នាំ ២០២៥ កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕
ដោយ៖តារា










