ភ្នំពេញ÷ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្មេងទំនើង ២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧៖៤៥ នាទី ត្រង់ចំណុច ផ្លូវលំ ភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអនុញ្ញាតពីលោកប្រធាន កម្លាំងជំនាញការិយាល័យព្រហ្មណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង ឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលកម្លាំងជំនាញដឹកនាំលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ។
ជនសង្ស័យទាំងពីរនាក់ ឈ្មោះ ធឿន ម័គសុផាត់ អាយុ១៥ឆ្នាំ ស្នាក់នៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងឈ្មោះ អ៊ុំ លាភសំណាង អាយុ១៩ឆ្នាំ ស្នាក់នៅភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតបុ័ងតោ)។
សម្ភារដកហូតបាន រួមមាន កាំបិតផ្កាក់ចំនួន១ដើម, ម៉ូតូមួយគ្រឿងម៉ាក HONDA SUPER CUP ពណ៌ស ផលិតឆ្នាំ២០០៥ ពាក់ស្លាកលេខភ្នំពេញ1HH-0583។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕










