ខេត្តបាត់ដំបង ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាព បន្ទាប់ពីគាត់បានបើកត្រាក់ទ័រភ្ជួរដីចម្ការកិនចំគ្រាប់មីនតោន កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី២៩ មេសា នៅក្បែរជើងភ្នំជីប៉ាង ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
មន្ត្រីមូលដ្ឋានបានរាយការណ៍ថា ជនរងគ្រោះឈ្មោះ ហាន ប្រុស ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ។ ជនរងគ្រោះរងរបួស ធ្ងន់ពេលក្នុងហេតុការណ៍ដំបូង ប៉ុន្តែគាត់បានស្លាប់ពេលដឹកដល់មណ្ឌលសុខភាពផ្លូវមាស ។
មន្ត្រីដដែលបញ្ជាក់ថា ជនរងគ្រោះបានបើកត្រាក់ទ័រភ្ជួរដីចម្ការដែលធ្លាប់អាស្រ័យផលរាល់ឆ្នាំ ស្រាប់តែថ្ងៃនេះ កិនប៉ះចំគ្រាប់មីនប្រឆាំងរថក្រោះ ដែលកប់ក្នុងដីសេសសលពីសម័យសង្គ្រាមបណ្ដាលឲ្យផ្ទុះលាន់កក្រើកដី ។ ជនរងគ្រោះបានស្លាប់ពេលសាច់ញាតិបញ្ជូនដល់មណ្ឌលសុខភាព រីឯត្រាក់ទ័ររងការខូចខាតស្ទើរទាំង ស្រុងផ្នែកខាងមុខ ។
កសិករម្នាក់ដែលស្ថិតក្នុងហេតុការណ៍នោះបាននិយាយថា ពេលនោះគាត់កំពុងកាប់ដំឡូងក្បែរនោះ ក៏ឮសម្លេង ផ្ទុះលាន់កក្រកើក ។ គាត់ក៏ងាកទៅរកប្រភពនៃសម្លេងក៏ឃើញផ្សែងខ្មួលខ្មាញ់គ្របដណ្ដប់ជិតស្លុបលើត្រាក់ទ័រមើលមិនឃើញទេ ។ គាត់និយាយថា ក្រោយពីផ្សែងឈ្ងៀមបានហុយអស់បន្តិចទៅលើអាកាស ទើបគាត់ឃើញត្រាក់ទ័រ ហើយថែមទាំងចាប់អារម្មណ៍ត្រាក់ទ័រនោះបើកជាន់លើគ្រាប់មីនតោន ។
សាក្សីដដែលបាននិយាយទៀតថា គាត់និងអ្នកកាប់ដំឡូងប៉ុន្មាននាក់ទៀត បានរត់ទៅមើល ឃើញតៃកុងរងរបួសយ៉ាងធ្ងន់ ផ្លោងចេញពីត្រាក់ទ័រ។ ពួកគេបាននាំគ្នាជួយនាំជនរងគ្រោះទៅកាន់មណ្ឌលសុខភាពភ្លាមដែរ តែដោយស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេកក៏បានស្លាប់តែម្ដង។
មន្ត្រីមូលដ្ឋានបានរំលឹកដែរថា តំបន់នោះធ្លាប់ជាតំបន់សមរភូមិក្ដៅ ក្នុងសម័យសម្គ្រាម ទើបនៅសេសសល់គ្រាប់យុទ្ធភណ្ឌមិនទាន់កប់ក្នុងដី។ ប៉ុន្តែនៅក្នុងដីចម្ការនោះ ម្ចាស់ដីក៏ធ្លាប់អាស្រ័យផលជារៀងរាល់ឆ្នាំដែរ តែពេលចុះភ្ជួរឆ្នាំនេះ បែរជាជួបគ្រោះថ្នាក់ដោយកាកសំណល់នៃសង្គ្រាម៕










