ភ្នំពេញ ៖ ប្រាសាទអង្គរវត្តរបស់កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២ ជាគោលដៅទាក់ទាញទេសចរណ៍ ក្នុងចំណោមទីតាំងទេសចរណ៍ទាំង២៥ ដែលល្អបំផុតនៅអាស៊ី។ នេះបើយោងតាម TripAdvisor ដែលជាគេហទំព័រផ្សព្វផ្សាយពី គោលដៅទេសចរណ៍នៅទូទាំងពិភពលោក។
របាយការណ៍ចុងក្រោយរបស់គ្រឹះស្ថានអង្គរសម្រាប់រយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ (ខែមករា ដល់ខែមេសា) បានបង្ហាញថា ខ្លួនរកចំណូលបាន ១៥ ៤៩៧ ៣៣៨ ដុល្លារអាមេរិក ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ជូនភ្ញៀវទេសចរអន្តរជាតិចំនួន ៣២២ ០០៤ នាក់។ ទន្ទឹមនេះ ក្នុងរយៈពេល ៤ខែនេះ គ្រឹះស្ថានអង្គរបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាចំនួន ៦៤៤ ០០៨ដុល្លារ ផងដែរ។
យោងតាមអ្នកប្រវត្តិសាស្ត្រ ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (វ្រះបាទធូលីជេងវ្រះកម្រតេងអញស្រីសូយ៌្យវម៌្មទេវៈ) ចាប់ពីឆ្នាំ១១១៣-១១៥០ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងពេលដែលព្រះអង្គនៅមានព្រះជន្ម និងសម្រាប់ជាព្រះរាជផ្នូរក្រោយពេលព្រះអង្គសោយទិវង្គត។
មហាប្រាសាទនេះ ត្រូវបានចាត់ទុកជាទីសាសនដ្ឋានធំជាងគេបំផុតនៅលើពិភពលោកផងដែរ ព្រមទាំងបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោកឱ្យមកទស្សនាជាហូរហែជាប់ឥតដាច់។
ភាពអស្ចារ្យរបស់ប្រាសាទអង្គរវត្ត គឺមានបាតុភូតព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត នារដូវវស្សានេះ នឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា រៀងរាល់ឆ្នាំ ចាប់ពីម៉ោង៦ព្រឹកតទៅ។ នេះបើតាមក្រសួងសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍។
សូមបញ្ជាក់ថា ៖ Equinox Angkor Wat គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំ ដោយលើកទី១នៅក្នុងខែមីនា និងលើកទី២នៅខែកញ្ញា។ យោងតាមក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះមានទំនាក់ទំនងជាមួយនឹងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរផងដែរ។ ទេសចរ ដែលទៅទស្សនាព្រះអាទិត្យរះនាពេលព្រឹក អាចគយគនទិដ្ឋភាពដ៏អស្ចារ្យ ក៏ដូចជាផ្តិតយករូបភាពយ៉ាងស្រស់ស្អាត នៅចំកំពូលប្រាង្គប្រាសាទ។
ព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាល នឹងកើតឡើងរយៈពេល៣ថ្ងៃនេះ គឺជាសមរាត្រីរដូវវស្សា ដែលវេលាពេលថ្ងៃ និងរយៈពេលយប់ស្មើគ្នា ជាព្រឹត្តិការណ៍កើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយមានតែនៅក្នុងខែកញ្ញា និងខែមីនាប៉ុណ្ណោះ៕
ដោយ ៖ សិលា











