ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់ខ្លួនជនជាតិបរទេសសរុបចំនួន ៤១៩៩នាក់ និងដកហូតសម្ភារប្រព្រឹត្តបទល្មើសជាច្រើនឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងអគារជួលឱ្យជនបរទេស នៅខេត្តបន្ទាយមានជ័យ ពោលគឺចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ខែមីនា មកដល់ត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។
អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្ក្រាប Online Scams ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ សហការជាមួយថ្នាក់ជាតិចុះប្រតិបត្តិការបង្ក្រាបទីតាំងអគារមានជនបរទេសលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេសខុសច្បាប់ចំនួន ៤១៩៩នាក់។
ដោយមានបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនាមគណៈបញ្ជាការឯកភាពខេត្តបានប្រឹងប្រែងក្នុងការបោសសម្អាត Online Scams ដោយទី១. ប្រមូលទិន្នន័យ ប្រមូលព័ត៌មាន ហើយជំរុញការអនុវត្តបង្ក្រាប Online Scams ដោយមានការសហការរវាងរដ្ឋាភិបាលជាមួយថ្នាក់ជាតិ ក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្នុងនាមគណៈបញ្ជាការឯកភាពខ្លួនឯងដែលមានកម្លាំងនគរបាល និងអាវុធហត្ថជាសេនាធិការបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីបង្ក្រាប។
គួរជម្រាបជូនថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការជាមួយថ្នាក់ជាតិ ធ្វើការចុះប្រតិបត្តិការបង្ក្រាបទីតាំងអគារមានជនបរទេសលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេសខុសច្បាប់ចំនួន ៤១៩៩នាក់។ ទីតាំងដែលចុះបង្ក្រាបមានដូចជា ៖ ទី១.ឈ្មោះឆាយណាបឹងបេង នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ។ ទី២-ចំនួន២ទីតាំង មាន៣អគារ នៅភូមិក្បាលស្ពាន១-២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី៣-ទីតាំងអគារ១ កន្លែងកម្ពស់១២ជាន់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងទី៤-ទីតាំងចំនុចសានកូ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តា ក្រុងប៉ោយប៉ែត និងទីតាំងផ្សេងៗទៀត៕ដោយ៖តារា










