ខេត្តស្វាយរៀង: អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានធ្វើកិច្ចសន្យាអប់រំក្មេងទំនើង ០៣នាក់ ដែលបានបង្ហោះVideo បង្ហោះម៉ូតូលើបណ្ដាញសង្គម Facebook នៅឃុំរាជមន្ទីរស្រុកកំពង់រោទិ៍។
នគរបាលស្រុកកំពង់រោទិ៍បានអោយដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលពត៌មានពីបណ្តាញសង្គម Facebook ថាមានក្រុមក្មេងទំនើង ០១ក្រុម ដែលបានបង្ហោះម៉ូតូ រួចយក video បង្ហោះលើបណ្ដាញសង្គម Facebook នៅចំនុចភូមិភ្នំស្រូវ ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍។
ក្រោយពីបានទទួលព័ត៌មានរួចមកដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ ដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ស្រាវជ្រាវ និងឃាត់ខ្លួនក្រុមក្មេងទំនើង០៣នាក់ ដែលបានបង្ហោះម៉ូតូ រួចយក video បង្ហោះលើបណ្ដាញសង្គម Facebook។
ចំពោះសមត្ថកិច្ចក្រុមក្មេងទំនើងបានឆ្លើយសារភាពថា ក្រុមខ្លួន ពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជេីញអាណាព្យាបាលមកទទួលយកដេីម្បីអប់រំបន្ត រីឯម៉ូតូប្រព្រឹត្តិសកម្មភាព ០១គ្រឿង ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែក រយៈពេល ០៣ខែទេីបប្រគល់ជូនវិញ៕
ដោយ៖ សុថាន










