ខេត្តតាកែវ ៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបន្តយកចិត្តទុកដាក់គ្រប់គ្រង និងជួយមើលថែចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋាន។ គប្បីយកចិត្តទុកដាក់ចំពោះពួកគាត់ ជាក់ស្តែងកន្លងមក បានបញ្ចូលគ្នាជាសមាគមអតីតយុទ្ធជន និងនិវត្តជន គឺជាការផ្តល់ការយកចិត្តទុកដាក់លើជនស៊ីវិលចូលនិវត្តន៍ ជៀសវាងទុកពួកគាត់នៅក្នុងភាពឯកោ ហើយសម្តេចណែនាំផ្តល់ភាពកក់ក្តៅដល់ពួកគាត់ និងរៀបចំកម្មវិធីជួបជុំ អោយតម្លៃលើមន្ត្រីជើងចាស់ ដែលធ្លាប់លះបង់លើការបម្រើការងារជូនជាតិនាពេលកន្លងមក។
សម្តេចតេជោបន្តថា «អ្នកទាំងនោះ ជាអ្នកយកទ្រូងការពារយើង គឺសម្រាប់អតីតយុទ្ធជន ហើយសម្រាប់និវត្តន៍ជនវិញ ដោយសារការធ្វើការរបស់គាត់កន្លងមក ទើបបន្តមកដល់ថ្ងៃនេះ។»
ប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តតាកែវ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។
សម្តេចតេជោ ហ៊ុន សែន គិតគូរពីប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដែលមិនឃ្លាតឆ្ងាយមនោសញ្ចេតនាពីប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសឡើយ ៕
ដោយ ៖ សិលា












