ខេត្តបាត់ដំបង÷ ក្រោយការសួរនាំរួចសមត្ថកិច្ចខេត្តបាត់ដំបងបានសម្រេចនាំខ្លួនស្រ្តីឈ្មួញនាំចូលទុរេនខុសច្បាប់ពីថៃម្នាក់ដែលល្មើសបម្រាមរបស់រដ្ឋាភិបាលបញ្ជូនទៅតុលាការនៅថ្ងៃម្សិលមិញនេះ។
លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាក់ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៦នេះថា÷ បុគ្គលឈ្មោះព្រឿន សាក់ឡែន ដែលជាឈ្មួញនាំផ្លែទុរេនជាច្រើនតោនពីប្រទេសថៃដោយខុសច្បាប់កាលពីកន្លងមកនេះ កម្លាំងការិយាល័យជំនាញបានបញ្ចប់ការកសាងសំណុំរឿង និងបាននាំខ្លួនបញ្ជូនទៅតុលាការហើយកាលថ្ងៃទី ០៦ ខែឧសភា ម្សិលមិញនេះ ចំណែកឈ្មួញអ្នកបញ្ជាទិញពីអាឡែន រស់នៅខេត្តកំពង់ចាម យើងបានដាក់បញ្ចូលក្មុងសំណុំរឿងហើយដើម្បីស្នើសុំអនុវត្តនីតិវិធីជាមួយគ្នាដែរ។
ជនសង្ស័យម្ចាស់គណនី អាឡែន ឈ្មោះពិត ព្រឿន សាក់ឡែន ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅភូមិចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបណ្តោះអាសន្នក្រោយភ្ញាក់រលឹកចូលខ្លួនមកបំភ្លឺតាមការកោះហៅរបស់ស្នងនគរបាលខេត្ត កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៦។
ជនរងចោទឈ្មោះព្រឿន សាក់ឡែន បានទំនាក់ទំនងជាមួយជនជាតិដែលធ្លាប់រកស៊ីជាមួយគ្នាកន្លងមកដោយបានទិញផ្លែទុរេនពីថៃទាំងខុសច្បាប់ចំនួន ៣លើកសរុបប្រមាណ ២ ០០០គីឡូក្រាមតាមការបញ្ជាទិញពីម៉ូយនៅក្នុងខេត្តកំពង់ចាម នៅរវាងខែមេសា និងដើមខែឧសភាថ្មីៗនេះ៕
ដោយ៖ ជ្រោយពេជ្រ










