ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦៩ ៩០៩ តោន ដោយទទួលបានទឹកប្រាក់ជាង ២៦៦ លានដុល្លារសហរដ្ឋ ក្នុងរយៈពេល៤ខែដំបូង នៅឆ្នាំ២០២៦នេះ។
សហព័ន្ធស្រូវអង្ករ បានបញ្ជាក់ថា ការនាំចេញនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦០។ ក្នុងនោះនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ បានបរិមាណអង្ករចំនួន ១២៦ ១០៨ តោន គិតជាទឹកប្រាក់ចំនួន ៨៥.៤៤ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១២៩ ៣៣២ តោន គិតជាទឹកប្រាក់ចំនួន ៧៥.៨៨ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ១៧៧ ៧៦១ តោន គិតជាទឹកប្រាក់ចំនួន ៧២.១៤៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៣៦ ៧០៨ តោន គិតជាទឹកប្រាក់ចំនួន ៣២.៩១ លានដុល្លារសហរដ្ឋអាមេរិក។
ដោយឡែកចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៨.៦៦% ប្រភេទអង្ករសគ្រាប់វែង ២១.៣៨% អង្ករចំហុយ ១.៦៩% អង្ករសរីរាង្គចំនួន ០.៨៩% អង្ករបាក់គ្រប់ប្រភេទ ១៧.១៨% និងអង្ករផ្សេងៗចំនួន ០.២% ។ គួរបញ្ជាក់ដែរថា កម្ពុជាក៏បាននាំចេញស្រូវចំនួន ២ ៦៨០ ៨៩១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៥៧៦.១០ លានដុល្លារសហរដ្ឋអាមេរិក៕
ដោយ៖តារា










