តារាចម្រៀង Shakira បានបង្ហាញបទចម្រៀងផ្លូវការសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2026 ដែលមានចំណងជើងថា “Dai Dai” កាលពីថ្ងៃព្រហស្បតិ៍។
តារាចម្រៀងសញ្ជាតិកូឡុំប៊ី វ័យ 49 ឆ្នាំរូបនេះ បានបង្ហោះវីដេអូមួយលើ Instagram ពីកីឡដ្ឋាន Maracanã Stadium ដើម្បីបង្ហាញបទថ្មីនេះជាមុន ដែលមានការចូលរួមពីតារាចម្រៀងនីហ្សេរីយ៉ា Burna Boy។ បទចម្រៀងនេះនឹងចេញផ្សាយនៅថ្ងៃទី 14 ខែឧសភា។
ក្នុងវីដេអូនេះ Shakira បានបង្ហាញខ្លួនជាមួយក្រុមអ្នករាំ ដែលស្លៀកពាក់ពណ៌តំណាងឲ្យក្រុមជម្រើសជាតិជាច្រើន ដែលនឹងចូលរួមការប្រកួត World Cup ឆ្នាំ 2026 ដែលរៀបចំឡើងចាប់ពីថ្ងៃទី 11 ខែមិថុនា ដល់ថ្ងៃទី 19 ខែកក្កដា នៅប្រទេស មិចស៊ីកូ, សហរដ្ឋអាមេរិក និង កាណាដា។
វីដេអូនេះក៏បានបង្ហាញបាល់ផ្លូវការរបស់ World Cup ឆ្នាំ 2006, 2010 និង 2014 ផងដែរ ដែលហាក់បីដូចជាការរំលឹកដល់ការប្រកួតដែល Shakira មានតួនាទីសំខាន់ផ្នែកតន្ត្រី។
តារា ប៉ុនអាមេរិកខាងត្បូងរូបនេះ ក៏ធ្លាប់ច្រៀងបទផ្លូវការសម្រាប់ World Cup ឆ្នាំ 2010 នៅអាហ្វ្រិកខាងត្បូង ដែលមានចំណងជើងថា “Waka Waka (This Time for Africa)” ផងដែរ។
នាងក៏បានសម្តែងបទល្បី “Hips Don’t Lie” និង “La La La (ប្រេស៊ីល 2014)” ក្នុងពិធីពាក់ព័ន្ធនឹង World Cup ឆ្នាំ 2006 នៅ អាល្លឺម៉ង់ និងការប្រកួតឆ្នាំ 2014 នៅ ប្រេស៊ីល៕










