ភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់និងជាតួសម្តែងថតMV បែបខ្លីៗ ផងបានជិះម៉ូតូ១គ្រឿងហុងដា ធុនសេ១១០
ពណ៌ក្រហម គ្មានស្លាកលេខ ក្នុងគោលបំណងទៅកុងស៊ីកាប់ជ្រូកស្រាប់តែឃើញនារីម្នាក់ជិះម៉ូតូស្គុបពី ឈប់មុខផ្ទះនិយាយទូរស័ព្ទនៅលើម៉ូតូ ក៏ជិះម៉ូតូបកក្រោយ ទៅធ្វើសកម្មឆក់ទូរស័ព្ទនាងបានសម្រេច រួចជិះគេចខ្លួន តែចំថ្ងៃសយ ជិះម៉ូតូបានតែបន្តិច ក៏ត្រូវជនរងគ្រោះដេញតាមហើយក៏ផ្ដួលម៉ូតូចោល តែត្រូវប្រជាពលរដ្ឋក្របួចបាន រួចប្រគល់អោយកងរាជអាវុធហត្ថចាត់ការតាមច្បាប់ ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៥និង៤០នាទីទៀបភ្លឺថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបុរីរុងរឿង ស្ថិតនៅក្នុងទីក្រុង OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រភពពីនារីរងគ្រោះឲ្យដឹងថា មុនកើតហេតុគាត់បានជិះម៉ូតូមកដល់មុខផ្ទះ ឈប់និយាយទូរស័ព្ទក៏មានបុរសជនសង្ស័យម្នាក់ជិះម៉ូតូពណ៍ក្រហម អត់ស្លាកលេខមកឆក់យកទូរស័ព្ទម៉ាក I Phone 13 Pro Max បានសម្រេច រួចជិះគេចខ្លួន ។ ភ្លាមៗគាត់បានជិះម៉ូតូដេញតាមចោរឆក់ដែរ តែចៃដន្យជនសង្ស័យជិះម៉ូតូចេញឆក់ភ្លេចចាក់សាំង ក៏ត្រូវគាត់ជិះម៉ូតូតាមទាន់ ហើយជន សង្ស័យរត់ចោលម៉ម៉ូតូ។ ពេលនោះគាត់បានស្រែកឱ្យពលរដ្ឋជួយចាប់ចោរឆក់ ទើបមហាជនអន្តរាគមន៍ដេញចាប់បានចោរឆក់ រួចបានទូរស័ព្ទទៅលេខ១២៩១ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញសុំកិច្ចអន្តរាគមន៍នាំយកជនសង្ស័យ ចាត់ការតាមផ្លូវច្បាប់ ។ គាត់យកទូរស័ព្ទបានមកវិញ និងទៅដាក់ពាក្យ បណ្ដឹងផងដែរ ។
ជនសង្ស័យឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ២១ឆ្នាំ ទើបក្លាយជាតួសម្តែងថត MV បែបខ្លីៗ ស្នាក់នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានសារភាពថា ពេលទំនេរជាកម្មករទើបបានចូលថត
វីដេអូខ្លី ហើយនៅមុនកើតហេតុ ខ្លួនទៅកុងស៊ីកាប់ជ្រូក ពេលជិះម៉ូតូឃើញនារីជនរងគ្រោះឈប់ម៉ូតូនិយាយទូរស័ព្ទ ក៏ឆ្លៀតឱកាសមេឃមិនទាន់ភ្លឺ អត់សូវមានមនុស្សធ្វើដំណើរតាមផ្លូវខ្លួនក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទ ហើយជិះម៉ូតូរត់គេចខ្លួន តែបានប្រហែលតែ២០០ម៉ែត្រ ម៉ូតូក៏អស់សាំង ត្រូវប្រជាពលរដ្ឋដេញចាប់បាន តែសំណាងល្អប្រជាពលរដ្ឋអត់បានវាយ ដោយ សារខ្លួនទទួលស្គាល់កំហុស និងសុំប្រជាពលរដ្ឋកុំវាយ ខ្លាចខូចមុខអត់បានថតវីដេអូខ្លីៗ ហើយក៏ត្រូវកងរាជ អាវុធហត្ថនាំយកទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ ៕
ដោយ៖ សុរិយា










