ខេត្តកំពង់ស្ពឺ ÷ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នេះ ជនសង្ស័យចំនួន៧នាក់ ដែលពាក់ព័ន្ធនឹងករណីប៉ុនប៉ងប្លន់យកម៉ូតូក្រុមអ្នករៀបចំឆាកតន្ត្រី តាមពិធីមង្គលការត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធី ។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបញ្ជាដឹកនាំពី
លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដោយបានការដឹកនាំសម្របសម្រួលពី
ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ,កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនជនសង្ស័យ០៧នាក់ជាបន្តបន្ទាប់÷
កាលពីថ្ងៃទី០៣ ខែឧសភា ២០២៦វេលា ម៉ោង០០និង ៤៥ នាទី នៅលើផ្លូវជាតិលេខ៥១ចន្លោះKm៣៣-៣៤ ភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទងមានករណីប៉ុនប៉ងលួចដោយស្ថានទម្ងន់ទោស(កាប់ប្លន់យកម៉ូតូ)បង្កឡើងដោយជនសង្ស័យ១ក្រុមមិនស្គាល់អត្តសញ្ញាណ មានគ្នាប្រហែល១០នាក់ ជិះម៉ូតូ០៤គ្រឿង ម៉ាកហុងដា សេ ១២៥ ប្រើកាំបិតផ្គាក់ និងដាវ។
ជនរងគ្រោះមានគ្នា២នាក់÷១.ឈ្មោះមឿន សាម៉ៃ ភេទ ប្រុ សអាយុ១៨ឆ្នាំ ទីលំនៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាលនិង២.ឈ្មោះ ផល ដារ៉ា ភេទ ប្រុសអាយុ ២០ឆ្នាំ លំនៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មុនពេលកើតហេតុជនរងគ្រោះ ឈ្មោះមឿន សាម៉ៃ បាន ជិះម៉ូតូម៉ាកប៊ីត ពណ៍ខៀវ លាយស ស៊េរីឆ្នាំ២០២៦ ស្លាកលេខភ្នំពេញ 1LV-7865 ឌុបឈ្មោះផល ដារ៉ា ចេញពីកន្លែងរៀបឆាកតន្រ្តីភូមិជង្រុក ឃុំទួលព្រិច ស្រុក អង្គស្នួល ព្រមទាំងអ្នករួមការងារមានគ្នា៦នាក់ទៀត ជិះម៉ូតូ០២គ្រឿង និងរថយន្ត១គ្រឿង គោលបំណងទៅផ្ទះ តាមផ្លូវជាតិលេខ៥១ពីជើងទៅត្បូង។ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ១ក្រុម ជិះម៉ូត កាន់កាំបិតផ្គាក់និងដាវ ដេញតាមពីក្រោយ រួចបានធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល និង រងរបួស ភ្លាមនោះឈ្មោះ ម៉ៅ ឌីណា អ្នករួមការងារបានបើករថយន្តដេញតាមក្រោយ ជនសង្ស័យ មានការភិត ភ័យ បាននាំគ្នាជិះគេចខ្លួនទៅទិសខាងកើតចូលទៅទឹកដីស្រុកអង្គស្នួលគេចខ្លួនបាត់ ។
លុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានសហការជាមួយនគរបាល ស្រុកសំរោងទង ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៦នាក់÷
១.ឈ្មោះចិត្ត រ៉ាស៊ី ភេទប្រុសអាយុ១៩ឆ្នាំ(អ្នកកាន់ដាវ) លំនៅភូមិអង្គតាឡឹកឃុំសំបូរស្រុកសំរោងទង,២.ឈ្មោះ អ៊ុំ ចន្ធូ ភេទប្រុសអាយុ១៨ឆ្នាំ លំនៅភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង,៣.ឈ្មោះសាវ ដេវីត ភេទប្រុសអាយុ១៦ឆ្នាំ លំនៅ ភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ,៤.ឈ្មោះសុខ មាន ភេទប្រុសអាយុ១៦ឆ្នាំ លំនៅភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ៥.ឈ្មោះម៉ៅ លីហេង ភេទប្រុសអាយុ១៦ឆ្នាំ លំនៅភូមិត្រពាំងទូក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និង៦.ឈ្មោះមាន ផាន់ណា ភេទ ប្រុស អាយុ១៩ឆ្នាំ នៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ពួកគេបានសារភាពថា ពួកខ្លួនពិតជាបានយកកាំបិត ផ្គាក់ ដាវដេញកាប់ជនរងគ្រោះនិងធាក់ បណ្តាលឲដួលម៉ូតូ គោលបំណងយកម៉ូតូជាមួយបក្ខពួក៤នាក់ទៀត។
-ដកហូតវត្ថុតាង: ម៉ូតូ ០២គ្រឿង ម៉ាកហុងដាសេ ១២៥ ជិះធ្វើសកម្មភាព។
នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានបន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យ១នាក់ទៀត ឈ្មោះ សួង ចាន់ហេង ហៅពេវ ភេទប្រុសអាយុ១៧ឆ្នាំ លំនៅភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជននេះសារភាពថា កន្លងមកពួកខ្លួនធ្លាប់ធ្វើសកម្មភាព កាលពីថ្ងៃទី០១ខែសីហា ឆ្នាំ២០២៥ វេលម៉ោង០២ និង៣០ នាទី ធាក់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ នៅលើផ្លូវជាតិលេខ៥១ មុខសាលាបឋមសិក្សាអង្គតាឡឹក ចន្លោះគីឡូម៉ែត្រលេខ ៣២-៣៣ ភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ។
សរុបឃាត់ខ្លួនចំនួន០៧នាក់ ដកហូតវត្ថុតាងម៉ូតូ២ គ្រឿង និងដាវ១ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ សុរិយា










