ខេត្តព្រៃវែង ៖ ពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសិរីឧត្តម ស្ថិតក្នុងភូមិត្របែក ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលថ្មីក្នុងវត្តសិរីឧត្តម ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃនេះ គឺជាសក្ខីភាព នៃមហាកម្លាំងសាមគ្គី និងការរីកចម្រើននៃវិស័យពុទ្ធសាសនា ក្រោមដំបូលសន្តិភាព និងជាទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
លោកអភិសន្តិបណ្ឌិត បានបង្ហាញការចូលរួម ត្រេកអរយ៉ាងក្រៃលែងចំពោះការប្រែមុខមាត់ថ្មីនៃវត្តសិរីឧត្តម ដែលវត្តនេះគឺជាទីអារាមប្រវត្តិសាស្ត្រដ៏ចំណាស់មួយដែលត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៤០ ពោលគឺមានអាយុកាលប្រមាណ៨៦ឆ្នាំ ដោយឆ្លងកាត់ដំណាក់កាលរបត់ប្រវត្តិសាស្ត្រជាច្រើន រាប់ទាំងសម័យសង្គ្រាម និងការបំផ្លិចបំផ្លាញក្នុងរបបប៉ុលពត។ លោកអភិសន្តិបណ្ឌិតបញ្ជាក់ថា ពីទីអារាមដែលធ្លាប់រងការខូចខាត បច្ចុប្បន្នបានក្លាយជាទីសក្ការៈដ៏ស្រស់បំព្រងសម្រាប់ការបដិបត្តិធម៌របស់ពុទ្ធបរិស័ទ។
ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ អាជ្ញាធរដែនដី និងសប្បុរសជន ពិសេសការណែនាំចង្អុលបង្ហាញពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានបូជាកម្លាំងកាយចិត្ត និងថវិកា ដើម្បីកសាងសមិទ្ធផលនានាបម្រើឱ្យវិស័យសាសនា។
លោកអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ក្រោមដំបូលនៃសុខសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល វិស័យព្រះពុទ្ធសាសនានឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លា ដើម្បីលើកកម្ពស់ការអប់រំសីលធម៌ និងសុខដុមនីយកម្មក្នុងសង្គមជាតិ។
ពីវេទិកាអធិបតី លោកអភិសន្តិបណ្ឌិត បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ផ្ដាំផ្ញើ ដល់អាជ្ញាធរដែនដីបន្តម្ចាស់ការដោះស្រាយសំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ពិសេសការត្រៀមលក្ខណៈសង្គ្រោះពលរដ្ឋពីគ្រោះធម្មជាតិផ្សេងៗក្នុងរដូវវស្សា ព្រមទាំងបន្តរឹតបន្តឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ដោយផ្ដោតសំខាន់លើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យលោកគ្រូអ្នកគ្រូបន្តបណ្ដុះស្មារតីស្នេហាជាតិដល់សិស្សានុសិស្ស និងអប់រំឱ្យពួកគេចៀសឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ថែទាំសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងការសន្សំសំចៃក្នុងស្ថានភាពវិបត្តិថាមពលសកល៕
ដោយ ៖ សិលា












